ព័ត៌មានជាតិ

វិចារណកថា៖ “មេរៀនពីខេត្តកំពត” កញ្ចក់ឆ្លុះបញ្ចាំងសីលធម៌មន្ត្រីអាងអំណាច

ភ្នំពេញ៖ យុត្តិធម៌ និងវិន័យកងកម្លាំង គឺជាសសរស្តម្ភដ៏រឹងមាំនៃជំនឿចិត្តរបស់ប្រជាពលរដ្ឋ។ ថ្មីៗនេះ មហាជនបានឃើញនូវចំណាត់ការនៅខេត្តកំពត ដែលជាមេរៀនដាស់តឿនយ៉ាងមុតស្រួចដល់មន្ត្រី “អាងអំណាច” ទាំងឡាយ។

មេរៀនជាក់ស្តែងពីខេត្តកំពត៖ ច្បាប់មិនលើកលែងឱ្យមន្ត្រីខិលខូច

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥៣៥ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត លោក សេង ម៉ាឡាប បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ ទេព សុខផេង មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពត ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។

មន្ត្រីរូបនេះបានប្រើអំណាចកោងកាច យកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលឱ្យបែកក្បាល។ ជាលទ្ធផល ក្រៅពីការជាប់ខ្នោះប្រឈមមុខនឹងច្បាប់ ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត ក៏កំពុងរៀបចំសំណើទៅកាន់ នាយឧត្តមសេនីយ៍ ស ថេត និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បី “កាត់ឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ” ទៀតផង។ នេះគឺជាគំរូនៃយុត្តិធម៌ដែលរាស្ត្រចង់បាន។

ក្រឡេកមកមើល “មន្ត្រីអាងអំណាច” នៅភ្នំពេញ៖ តើមានវាសនាដូចគ្នាដែរឬទេ?
ស្របពេលដែលមន្ត្រីនៅខេត្តកំពតត្រូវចូលដេកគុក ងាកមកមើលករណីលោក ខៀវ សុងច័ន្ទសុធា (David YaYa) មន្ត្រីស័ក្តិ ៥ នៅក្រសួងមហាផ្ទៃវិញម្តង។ បុគ្គលរូបនេះមានប្រវត្តិមិនល្អជាន់លើកំហុស៖
រឿងចាស់៖ ប្រើសម្តីអសុរសមើលងាយអ្នកដឹកជញ្ជូន និងជេរអ្នកសារព័ត៌មានថា “មមីសមាន់”។

រឿងថ្មី៖ បង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ គំរាមវាយខ្នោះពលរដ្ឋដាក់គុកទាំងងងើល និងជក់បារីអេឡិចត្រូនិច (Vape) បង្អួតភ្នែកសមត្ថកិច្ចនិងប្រជាពលរដ្ឋ យ៉ាងព្រងើយ។

តើលទ្ធផលនឹងទៅជាយ៉ាងណា?
មហាជនកំពុងដាក់ជាសំណួរថា៖ «តើមន្ត្រីដែលអាងស័ក្តិ ៥ ដើរគំរាមវាយខ្នោះរាស្ត្រ និងជក់ Vape បំពានបម្រាមរដ្ឋាភិបាល គួរតែទទួលបានវាសនាដូចមន្ត្រីនៅខេត្តកំពតដែរឬទេ?»។ មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាម្ចាស់រាស្ត្រដែលចេះតែប្រើអំណាចសំឡុត ឬប្រើសម្តីអសុរសតាមអំពើចិត្តនោះឡើយ៕

To Top