សេតវិមានថា អ៊ីរ៉ង់រឹបអូសកប៉ាល់ដឹកកុងតឺន័រ ២គ្រឿង នៅច្រកសមុទ្រ Hormuz គឺមិនរំលោភលើបទឈប់បាញ់នោះទេ
បរទេស៖ ការរឹបអូសកប៉ាល់ដឹកកុងតឺន័រពីរគ្រឿងពីសំណាក់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz មិនមែនជាការរំលោភលើបទឈប់បាញ់ទេ ពីព្រោះកប៉ាល់ទាំងនោះមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល, នេះបើយោងតាមសេតវិមាន បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបញ្ចេញវីដេអូនៃប្រតិបត្តិការរឹបអូសនោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា វីដេអូដែលបានចេញផ្សាយនៅថ្ងៃពុធ បង្ហាញពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំពុងស្ទាក់ចាប់ និងឡើងលើកប៉ាល់ដឹកកុងតឺន័រពីរគ្រឿងរបស់ក្រុមហ៊ុនដឹកជញ្ជូន MSC Mediterranean Shipping Company គឺកប៉ាល់ Epaminondas ដែលជាកប៉ាល់ទំហំមធ្យម និងកប៉ាល់ MSC Francesca ដែលធំជាង។ កប៉ាល់ទីបី ដែលត្រូវបានគេស្គាល់ថាជា Euphoria និងធ្វើដំណើរទៅកាន់ Jeddah ក៏ត្រូវបានវាយប្រហារ និងបិទដំណើរការក្នុងប្រតិបត្តិការនេះផងដែរ។
ការរឹបអូសនេះត្រូវបានរាយការណ៍រវាងថ្ងៃទី ២២ និង ថ្ងៃទី២៣ ខែមេសា នៅក្នុងច្រកសមុទ្រ Hormuz ដែលជាចំណុចកកស្ទះផ្លូវសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល និងជាចំណុចក្តៅគគុកកណ្តាលនៅក្នុងការប្រឈមមុខដាក់គ្នារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមនៅចុងខែកុម្ភៈ។
វីដេអូរបស់ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បង្ហាញពីបុគ្គលិកប្រដាប់អាវុធឡើងលើកប៉ាល់លឿន និងគ្រប់គ្រងកប៉ាល់ទាំងនោះ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កងទ័ពជើងទឹក IRGC បាននិយាយថា នាវាទាំងនោះត្រូវបានកំណត់គោលដៅពីបទចោទប្រកាន់ពីបទ «រំលោភបំពានលើដែនសមុទ្រ» ហើយត្រូវបានអមដំណើរទៅកាន់ដែនទឹកអ៊ីរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា
