លោក ដូណាល់ ត្រាំ បញ្ជាឱ្យយោធាបាញ់កម្ទេចទូករបស់អ៊ីរ៉ង់ ដែលប៉ុនប៉ងដាក់មីន នៅច្រកសមុទ្រ ហ័រមូស
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានយល់ព្រមបន្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បីសប្តាហ៍ទៀត បន្ទាប់ពីកិច្ចពិភាក្សានៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំនេះគឺជាការចរចាកម្រិតខ្ពស់លើកទីពីររវាងប្រទេសទាំងពីរចាប់តាំងពីសប្តាហ៍មុន។ បទឈប់បាញ់ដំបូងរយៈពេល១០ថ្ងៃ ដែលចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានគ្រោងនឹងផុតកំណត់នៅថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា លោក ត្រាំ បានបញ្ជាឱ្យយោធាអាមេរិក «បាញ់កម្ទេច» ទូកតូចៗរបស់អ៊ីរ៉ង់ ដែលដាក់មីនធ្វើឱ្យស្ទះចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅព្រឹកថ្ងៃព្រហស្បតិ៍ លោកបាននិយាយថា យោធាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនរបស់ខ្លួននៅក្នុងផ្លូវទឹកដ៏សំខាន់នេះ។ ការបញ្ជានេះធ្វើឱ្យការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើងនៅក្នុងឈូងសមុទ្រពែក្ស។
នៅព្រឹកថ្ងៃព្រហស្បតិ៍ យោធាអាមេរិកបាននិយាយថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេងមួយផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេងរបស់អ៊ីរ៉ង់ ដែលកាន់តែធ្វើឱ្យកាន់តែមានការភ័ន្តច្រឡំលើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម។ ទិន្នន័យតាមដានកប៉ាល់បានបង្ហាញថា កប៉ាល់ Majestic X ស្ថិតនៅក្នុងទីតាំងដូចគ្នានៅក្នុងមហាសមុទ្រឥណ្ឌា ដូចជាកប៉ាល់ដឹកប្រេង Tifani ដែលពីមុនត្រូវបានរឹបអូសដោយកងកម្លាំងអាមេរិក។
ប្រែសម្រួលៈ ណៃ តុលា
