ភ្នំពេញ៖ យុត្តិធម៌ គឺជាបេះដូងនៃសង្គមដែលគ្រប់គ្រងដោយច្បាប់។ ប៉ុន្តែ ព្រឹត្តិការណ៍ពីរដែលកើតឡើងទន្ទឹមគ្នាក្នុងខែមេសា ឆ្នាំ២០២៦ នេះ កំពុងបង្កើតជាសំណួរដុតរាលដាលក្នុងចិត្តប្រជាពលរដ្ឋ៖ តើច្បាប់ស្រុកខ្មែរអនុវត្តស្មើភាពគ្នាដែរឬទេ?
ផ្អែកតាមរូបភាពភស្តុតាង និងដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥៥២ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត លោក សុខ លី បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ នន ដារ៉ា យុវជនអាយុ ១៥ ឆ្នាំ ពីបទ «កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត»។
ទោសកំហុសរបស់យុវជនរូបនេះ គឺការថតវីដេអូ Reels បង្ហោះលើបណ្តាញសង្គម ដោយដៃកាន់ដាវ។ គ្រាន់តែឃើញវីដេអូភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ខ្លួន វាយខ្នោះ និងបញ្ជូនទៅដេកពន្ធនាគារភ្លាមៗ។ នេះគឺជាសារព្រមានមួយដែលល្អ ដើម្បីអប់រំយុវជនកុំឱ្យយកតម្រាប់តាមទង្វើមិនគប្បី។
ចំពោះ “មន្ត្រីមានអំណាច”
ងាកមកមើលករណីលោក ខៀវ សុងច័ន្ទសុធា មន្ត្រីនគរបាលស័ក្តិ ៥ នៅក្រសួងមហាផ្ទៃវិញម្តង។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ បុគ្គលរូបនេះមានភស្តុតាងច្បាស់ក្រឡែត៖
គំរាមកំហែង៖ ប្រើសម្តីឈ្លើយ គំរាមវាយខ្នោះពលរដ្ឋដាក់គុកទាំងងងើល។
បំពានច្បាប់រដ្ឋបាលយ៉ាងចំហ៖ អង្គុយជក់បារីអេឡិចត្រូនិច (Vape) ដែលជាទំនិញហាមឃាត់ ចំពោះមុខសមត្ថកិច្ចថ្នាក់ក្រោមយ៉ាងព្រងើយ។
ប្រវត្តិមិនល្អ៖ ធ្លាប់ជេរប្រមាថអ្នកដឹកជញ្ជូន និងអ្នកសារព័ត៌មាន។
ទោះបីជាមានភស្តុតាង រូបភាព និងវីដេអូសកម្មភាពអាងអំណាច និងជក់ Vape បំពានបម្រាមរដ្ឋាភិបាលច្បាស់ៗយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ មហាជនមិនទាន់ឃើញមានចំណាត់ការវិន័យតឹងរ៉ឹងណាមួយ ដូចករណីយុវជនអាយុ ១៥ ឆ្នាំនោះឡើយ។
ភាពខុសគ្នានៃចំណាត់ការនេះ កំពុងធ្វើឱ្យពលរដ្ឋ តាមដានលើប្រព័ន្ធយុត្តិធម៌។
















