ព័ត៌មានជាតិ

លោក សុខ សូកេន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយនិវត្តជននៃក្រសួងអធិការកិច្ច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក សុខ សូកេន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជននៃក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ មន្ត្រីរាជការជានិវត្តជននិងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងការចងចាំយ៉ាងជ្រាលជ្រៅចំពោះអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ចនាពេលកន្លងមក។

លោករដ្ឋមន្ត្រី បានបន្ថែមថា វិស័យអធិការកិច្ចត្រូវបានបន្តធ្វើកំណែទម្រង់ឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ស្របតាមឆន្ទះដ៏មុតស្រួច និងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានរំលឹកពីគុណូបការៈដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំកសាងប្រទេសពីចំណុចសូន្យ និងដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតសម្រេចបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់និវត្តជន តាមរយៈការជំរុញប្រព័ន្ធគាំពារសង្គម និងការដំឡើងប្រាក់សោធននិវត្តន៍ ជាបន្តបន្ទាប់ ដើម្បីធានាឱ្យអតីតមន្ត្រីរាជការអាចរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពគំរូជាច្រើនដែលអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានិវត្តជន ធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ ព្រមទាំងបានផ្តល់ជូននូវលិខិតថ្លែងអំណរគុណ ក្រម៉ា និងថវិកាឧបត្ថម្ភដ៏ថ្លៃថ្លា ជូនដល់និវត្តជនគ្រប់រូបផងដែរ៕

To Top