សមត្ថកិច្ច ប្រគល់ថវិកា២ម៉ឺនយ៉េន ដែលបុគ្គលិកហាងម៉ាស្សាលួច ទៅជនរងគ្រោះ ជាជនជាតិជប៉ុនវិញ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌដូនពេញ បានប្រគល់ថវិកាដែលបុគ្គលិកម៉ាស្សា នៅខណ្ឌដូនពេញ បានធ្វើសកម្មភាពលួច កាលពីពេលថ្មីចំនួន២ម៉ឺនយ៉េន ដល់ជនរងគ្រោះជាជនជាតិជប៉ុនវិញហើយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ។

កាលពីពេលថ្មីៗនេះ បុគ្គលិកនៅហាងម៉ាស្សាមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលបានបើកដំណើរការ ដោយគ្មានច្បាប់អនុញ្ញាត បានលួចលុយពីស្រ្តីជនជាតិជប៉ុនម្នាក់ចំនួន២ម៉ឺនយ៉េន ហើយនៅពេលមានការភ្ញាក់ផ្អើលថា បាត់លុយ បុគ្គលិកនោះ បានប្រគល់លុយទៅម្ចាស់ហាង ហើយម្ចាស់ហាងក៏រួមគំនិតយកលុយនោះគេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវតាមចាប់ខ្លួនបាន និងបន្តរកបុគ្គលិកស្រីដែលជំនាញ លួចលុយភ្ញៀវដើម្បីយកមកអនុវត្តន៍ច្បាប់៕


