លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនគណៈប្រតិភូ ទៅចរចាជាមួយអ៊ីរ៉ង់ទៀតនោះទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងលែងបញ្ជូនគណៈប្រតិភូទៅចរចាជាមួយអ៊ីរ៉ង់ទៀតហើយ។
លោក ត្រាំ បានប្រាប់កាសែត Fox News ថា “ប្រសិនបើពួកគេ ចង់ចរចា ពួកគេអាចមករកយើង ឬពួកគេអាចទូរស័ព្ទមកយើងបាន”។ លោកបានលេីកឡេីងថា “ប្រសិនបើពួកគេចង់ យើងអាចនិយាយបាន ប៉ុន្តែយើងមិនបញ្ជូនមនុស្សឱ្យធ្វើដំណើរ ១៨ម៉ោង ដើម្បីជួបគ្នានោះទេ”។
លោកបានបន្ដថា លោកមានការគោរពយ៉ាងខ្លាំង ចំពោះប្រទេសប៉ាគីស្ថាន ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ហើយប៉ាគីស្ថាននឹងនៅតែចូលរួម ។
លោកបានលេីកឡេីងម្តងទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបាននោះទេ “ដូច្នេះប្រសិនបើពួកគេចង់ ពួកគេអាចទូរស័ព្ទមកយើងបាន ប៉ុន្តែម្តងទៀត ពួកគេដឹងពីអ្វីដែលត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀង។ សាមញ្ញណាស់៖ ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបាននោះទេ បើមិនដូច្នោះទេ គ្មានហេតុផល ដើម្បីជួបគ្នាទេ”។
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកនៅព្រឹកថ្ងៃអាទិត្យ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានឧ្យដឹងថា សម្ពាធ និងសកម្មភាពអរិភាព របស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងធ្វើឱ្យវឌ្ឍនភាពឆ្ពោះទៅរកការចរចាឡើងវិញកាន់តែពិបាក។
លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន មិនអាចបន្តការចរចាបានទេ ខណៈដែលកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយលោកបន្ថែមថា សកម្មភាពបែបនេះ «រំខានដល់បរិយាកាសចាំបាច់» សម្រាប់ការទូត ៕
