Axios ៖ អ៊ីរ៉ង់ស្នើសុំឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូសឡើងវិញ
បរទេស៖ អ៊ីរ៉ង់បានស្នើសុំឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូសឡើងវិញ និងបញ្ចប់សង្គ្រាម ដោយពន្យារពេលការចរចានុយក្លេអ៊ែរទៅដំណាក់កាលក្រោយ ដើម្បីបំបែកភាពជាប់គាំងនៅក្នុងកិច្ចចរចាដែលមានហានិភ័យខ្ពស់ , នេះបើយោងតាមរបាយការណ៍របស់ Axios ដោយដកស្រង់ប្រភពមួយចំនួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ និងប្រភពពីរផ្សេងទៀតដែលដឹងបញ្ហានេះ បានប្រាប់សារព័ត៌មានថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងពីផែនការនេះក្នុងអំឡុងពេលទស្សនកិច្ចពីរលើកជាប់ៗគ្នាទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដោយជូនដំណឹងដល់អ្នកសម្របសម្រួលប៉ាគីស្ថាន អេហ្ស៊ីប តួកគី និងកាតាថា ថ្នាក់ដឹកនាំអ៊ីរ៉ង់មិនមានការឯកភាពផ្ទៃក្នុងអំពីរបៀបដោះស្រាយតម្រូវការនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោននោះទេ។
សហរដ្ឋអាមេរិកបានទទូចឱ្យអ៊ីរ៉ង់រុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងប្រគល់អ៊ុយរ៉ាញ៉ូមដែលចម្រាញ់ទាំងអស់របស់ខ្លួនមកអាមេរិក។
សំណើនេះ ដែលត្រូវបានប្រគល់ជូនសេតវិមានតាមរយៈអន្តរការីប៉ាគីស្ថាន ត្រូវបានគេរាយការណ៍ថា ផ្តោតលើការពង្រីកបទឈប់បាញ់ ឬសូម្បីតែបញ្ចប់សង្គ្រាម ក៏ដូចជាការលុបចោលការបិទច្រកសមុទ្រហ័រមូសរបស់សហរដ្ឋអាមេរិក ដែលជាចំណុចស្ទះដ៏សំខាន់មួយដែលមានចំនួន 20% នៃការជួញដូរប្រេងតាមសមុទ្ររបស់ពិភពលោក។ ការចរចានុយក្លេអ៊ែរនឹងមិនចាប់ផ្តើមទេ រហូតដល់ការបិទច្រកសមុទ្រត្រូវបានលុបចោល នេះបើយោងតាមផែនការដែលបានរាយការណ៍។
ប្រែសម្រួលៈ ណៃ តុលា
