ព័ត៌មានជាតិ

រាល់ជំនួប ជាមួយបណ្តារដ្ឋមន្រ្តីការបរទេស លោកប្រាក់ សុខុន តែងលើកពីបញ្ហាព្រំដែន

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានថ្លែងថា រាល់កិច្ចជំនួប ជាមួយបណ្តារដ្ឋមន្រ្តីការបរទេសនានា នៅប្រទេសប្រ៊ុយណេដារូស្សាឡាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ តែងតែលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។
ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បញ្ជាក់ថា ក្នុងដំណើរអញ្ជើញ ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីហាសាក់ ភួងកិតកែវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។

លោកថា ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញ នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យបន្ថែមថា ក្រៅពីនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេសជាច្រើនទៀត ដោយក្នុងជំនួបទាំងនោះ ក្រៅពីពិភាក្សា អំពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ប្រមុខការទូតកម្ពុជាក៏មិនភ្លេចលើកឡើង អំពីកិច្ចការពារបូរណភាពទឹកដីនិងប្រជាជន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនោះឡើយ ។

លោកសង្កត់ធ្ងន់ថា “ជាក់ស្តែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឆែក ក៏ដូចជាជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សុទ្ធតែត្រូវបានលើកឡើងប្រាប់ដៃគូសន្ទនាមិនដែលខានឡើយ” ។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដា ស៊េរីបេហ្គាវ៉ាន់ ចាប់ពីថ្ងៃទី២៧-២៨ មេសា និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៩-៣០ មេសា ៕

To Top