១០ថ្ងៃ មានក្មេងទំនើង និងអ្នកងប់ល្បែង ៨០នាក់ ត្រូវនគរបាលចាប់បញ្ជូនទៅតុលាការ
ភ្នំពេញ ៖ រយៈពេល១០ថ្ងៃ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី រាប់ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន២៣ករណី ឃាត់ខ្លួនមនុស្សសរុប៧៥នាក់ និងបង្ក្រាបករណីល្បែងស៊ីសង ខុសច្បាប់ចំនួន៣ទីតាំង ឃាត់ខ្លួនជនងប់ល្បែង៥នាក់ ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ។
បើតាមរបាយការណ៍ ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល កំពត កំពង់ចាម ក្រចេះ ស្វាយរៀង និងខេត្តរតនគិរី ។ ចំនួននេះ បានថយចុះ ធៀបនឹងរយៈពេល១០ថ្ងៃ មុនពិធីបុណ្យចូលឆ្នាំ។
លទ្ធផលនៃការបង្ក្រាបទាំងករណីក្មេងទំនើងនិងល្បែងស៊ីសងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាល នៅតែបន្តបង្ក្រាបមិនដកដៃឡើយ ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន។
កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន បានអនុវត្តស្របតាមគោលការណ៍ច្បាប់ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការទទួលដឹកនាំតម្រង់ទិសជាប់ជាប្រចាំពី លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
