ព័ត៌មានជាតិ

ក្រសួងការងារ បានដោះស្រាយបញ្ចប់ និងផ្តល់អត្ថប្រយោជន៍ តាមគោលការណ៍ច្បាប់ ជូនបងប្អូនកម្មករ នៃរោងចក្រអិមអិល យ៉ាងលឿនរហ័ស

បន្ទាយមានជ័យ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានដោះស្រាយបញ្ចប់ យ៉ាងលឿនរហ័ស នូវការទាមទាររបស់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន អិមអិល ដែលមានអាសយដ្ឋានស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្មករនិងនិយោជិតឯកភាពចំនួន ៨ ចំណុច ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកឱ្យដឹងថា៖ “ក្រោយទទួលបានដំណឹង ពីការទាមទារភ្លាម មន្រ្តីជំនាញរបស់ក្រសួង និងអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយបញ្ចប់ភ្លាមៗ ផ្តល់អាទិភាពដល់អត្ថប្រយោជន៍ របស់បងប្អូនកម្មករ ដែលស្របច្បាប់ និងការគោរពច្បាប់របស់និយោជក”។

យោងតាមលទ្ធផល នៃការដោះស្រាយដែលឯកភាពគ្នា ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នឹងត្រូវធ្វើឡើងចំនួន២លើកគឺលើកទី១ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងលើកទី២ យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ហើយដោយឡែកចំពោះកម្មការិនី ដែលមានផ្ទៃពោះចាប់ពី៣ខែឡើង ចំនួន ៩នាក់ នឹងនៅតែបន្តទទួលបានអត្ថប្រយោជន៍ រហូតដល់ថ្ងៃសម្រាលដោយក្រុមហ៊ុនជាអ្នកបង់ ប.ស.ស. ជំនួស ។

សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន នៃការទាមទាររបស់បងប្អូនកម្មករនិយោជិត នៃរោងចក្រអិមអិលភ្លាម លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់ លោក​ ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួង រួមជាមួយក្រុមអន្តរាគមន៍ និងមន្ទីរការងារខេត្តបន្ទាយមានជ័យ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដោះស្រាយភ្លាមៗដោយមិនបង្អង់ឡើយ ។

ជាមួយនឹងយន្តការដោះស្រាយបញ្ចប់ដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារនេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវ ឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ឬប្រព័ន្ធHotline១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបប្រមាណ ៩ម៉ឺនកន្លែងដែលកំពុងមានតម្រូវការកម្លាំងពលកម្ម៕

To Top