លោក ប៉ែន បូណា បន្តបេសកកម្មតម្រង់ទិស ប្រសិទ្ធភាពព័ត៌មាន
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាសហអធិបតី និងជាវាគ្មិន ក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»។

សិក្ខាសាលាតម្រង់ទិសនេះ ប្រព្រឹត្តទៅនៅ ទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ជាសហអធិបតី ពីឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការស្តីទី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាននាយកដ្ឋាន កណ្ដាលសន្តិសុខ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សរុបប្រមាណជាង ១៥០ នាក់។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចាត់ទុកថា វត្តមានរបស់រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីនេះ បានឆ្លុះបញ្ចាំងពី សកម្មភាពប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ ទូលំទូលាយ ក្នុងការចែករំលែក នូវចំណេះដឹងដើម្បីលើកកម្ពស់សមត្ថភាព និងតម្រង់ទិសស្តីពីប្រសិទ្ធភាព នៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ ។ ឧត្តមសេនីយ៍ឯកបន្តថា ប្រធានបទនេះ ជាគន្លឹះដ៏សំខាន់សម្រាប់បើកទ្វារធ្វើដំណើរឆ្ពោះទៅរកប្រសិទ្ធភាពការងារព័ត៌មាន នឹងការគ្រប់គ្រងសាធារណៈមតិ។

សូមបញ្ជាក់ថា ការតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» ក្នុងចំណោមមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត គឺ ជាបេសកកម្មសំខាន់មួយ របស់អង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាល ។ សិក្ខាសាលាតម្រង់ទិសនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន៖ ១. យល់ដឹងពីកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន ២. ចែករំលែកពីបទពិសោធកិច្ចការនាំពាក្យនិងការផ្សព្វផ្សាយព័ត៌មាន ៣. បង្កើននូវជំនាញ អ្នកនាំពាក្យ និងក្រុមព័ត៌មាន នៃក្រសួងស្ថាប័នប្រកបដោយវិជ្ជាជីវៈ និង៤. កសាងបណ្តាញ រវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ។

សម្រាប់រយៈពេលជាង២ឆ្នាំមកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំនិងសម្របសម្រួលសិក្ខាសាលា បាឋកថា និងកម្មវិធីបណ្តុះបណ្តាលនានាទាំងថ្នាក់ជាតិនិងក្រោមជាតិ សរុបចំនួន ៥៣លើក ក្នុងនោះមានអ្នកចូលរួមសរុបប្រមាណ ១៨ ១២០នាក់៕





