ព័ត៌មានជាតិ

គណៈប្រតិភូក្រុមប្រឹក្សា ធនាភិបាល ប.ស.ស. ចុះសិក្សា​ស្វែងយល់ ពីយន្តការវិនិយោគ នៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា​

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាល សន្តិសុខសង្គមនៃ ប.ស.ស. ដឹកនាំដោយលោក ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាធនាភិបាល សន្ដិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញចុះទស្សនកិច្ច សិក្សានៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដើម្បីស្វែងយល់ពីបទពិសោធ នៃការគ្រប់គ្រងការវិនិយោគ និងកាលានុវត្តភាព សម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម។

​លោក ហ៊ីវ រស្មី បានថ្លែងបញ្ជាក់ថា បទពិសោធ និងបច្ចេកទេស ដែលទទួលបានពីស្ថាប័នកំពូលទាំងពីរនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុមប្រឹក្សាធនាភិបាល ក្នុងការរៀបចំគោលការណ៍គ្រប់គ្រងមូលនិធិ និងសម្រេចចិត្តលើផែនការវិនិយោគឱ្យកាន់តែមានសុវត្ថិភាព តម្លាភាព និងទទួលបានផលចំណេញខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ដល់បងប្អូនកម្មករ និយោជិត និងមន្ត្រីសាធារណៈដែលជាសមាជិក ប.ស.ស. ទាំងអស់។

ក្នុងដំណើរទស្សនកិច្ចនៅធនាគារជាតិនៃកម្ពុជា គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ​លោក គឹមទី កោមលី​ អគ្គនាយកប្រតិបត្តិការ ដោយបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាបច្ចេកទេស រួមមានយន្តការគ្រប់គ្រងទុនបម្រុងវិនិយោគ ការបែងចែកទ្រព្យសកម្មជា យុទ្ធសាស្ត្រ ការវាយតម្លៃលើទ្រព្យសកម្មវិនិយោគសកល និងការគ្រប់គ្រងហានិភ័យ ឱ្យបានច្បាស់លាស់។

ដោយឡែក ក្នុងជំនួបជាមួយ ​លោក ស៊ូ សុជាតិ​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា នាវេលារសៀលថ្ងៃដដែល អ្នកជំនាញបានបង្ហាញអំពីវឌ្ឍនភាព នៃទីផ្សារមូលបត្រកម្ពុជា កាលានុវត្តភាពវិនិយោគ ការបោះផ្សាយសញ្ញាបណ្ណ និងឱកាសវិនិយោគនានា សម្រាប់មូលនិធិសន្តិសុខសង្គម ៕

To Top