ព័ត៌មានជាតិ

បង្ក្រាបបទល្មើស ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងស្រុកពញាក្រែក ឃាត់ខ្លួនមនុស្ស ២១២នាក់

ត្បូងឃ្មុំ ៖ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យ តាមអនុក្រឹត្យលេខ០៣ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនមនុស្សប្រមាណ ២១២នាក់។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីនីតិវិធីដោយតំណាងអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ និង ការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ មានកម្លាំងនគរបាលខេត្ត កងរាជអារុធហត្ថខេត្ត សហការជាមួយកម្លាំង នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និង អគារ ដែលមានការសង្ស័យលបលួច ប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានចុះទៅឃើញទីតាំងមួយ ដែលពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង ២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំ ដោយក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រមាណ ២១២នាក់ ស្រី ៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៩២នាក់ ស្រី ២៤នាក់ ជនជាតិមីយ៉ាន់ម៉ា ស្រី ០៣នាក់ ជនជាតិវៀតណាម ១០នាក់ ស្រី ០៧នាក់ និងជនជាតិខ្មែរ ០៧នាក់ ស្រី ០៥នាក់ ផងដែរ ។

សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញា អ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំងលបលួច ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams )បន្តទៀត ៕

To Top