រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឱ្យពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តការងាររបស់ក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញសេចក្ដីណែនាំ ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ របៀបរបប បំពេញការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

បើតាមសេចក្ដីណែនាំ, ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ច និងបំពេញការងារប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ សម្រេចបាន នូវសមិទ្ធផលការងារ ជាច្រើន ជាពិសេសការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម។

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេច បានគួរឱ្យកត់សម្គាល់ខាងលើ ក្រសួងមហាផ្ទៃ ក៏បានពិនិត្យ និងសង្កេតឃើញថា នៅមានរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួននៅមិនទាន់បានអនុវត្ត របៀបរបបធ្វើការងារ ការគោរព វិន័យរដ្ឋបាល និងការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានពេញលេញ តាមស្តង់ដាប្រតិបត្តិ ធ្វើឱ្យប៉ះពាល់ ដល់ប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រងចាត់ចែងការងារ អាជ្ញាធរមូលដ្ឋានផងដែរ៕
