ស្រ្តីទី១កម្ពុជា ៖ ថវិកាសប្បុរសជនបរិច្ចាគ ដល់កាកបាទក្រហម នឹងក្លាយជាស្បៀង សម្រាប់ពលរដ្ឋខ្វះខាត
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ថវិកាដែលសប្បុរសជន បានបរិច្ចាគចូល ក្នុងកាកបាទក្រហមកម្ពុជា នឹងប្រែក្លាយទៅជា អង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់បន្ទាន់ផ្សេងៗ សម្រាប់ប្រជាពលរដ្ឋជួបទុក្ខលំបាក ។

ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោយមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើកឡើងថា ក្នុងខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម បានបន្តបញ្ជាក់នូវទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរដែលតែងឈរជាមួយគ្នានៅពេលប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក ។

លោកជំទាវបន្តថា សប្បុរសជនទាំងអស់គឺជាទំនុកចិត្ត ហើយនេះក៏ជាក្ដីមេត្តាដែលចេញពីបេះដូងសប្បុរសធម៌។ ថវិកាដែលសប្បុរសជនបានបរិច្ចាគនឹងប្រែក្លាយទៅជា អង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់បន្ទាន់ផ្សេងៗ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានអះអាងថា កាកបាទក្រហមកម្ពុជា នឹងបន្តបេសកកម្មសប្បុរសរបស់ខ្លួន មិនទុកឱ្យជនរងគ្រោះណាម្នាក់នៅឯកោដោយមិនទទួលបានការជួយសង្គ្រោះនោះឡើយ ដោយយនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ជួយដល់ជនរងគ្រោះនៅទូទាំងប្រទេសកម្ពុជា៕

