ពិព័រណ៍ការងាររបស់សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ២០២៦ “Job Fair IBCC 2026”
ភ្នំពេញ៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីព័ត៌មានជ្រើសរើសបុគ្គលិក និងផ្តល់ឱកាសដល់យុវជន និងអ្នកស្វែងរកការងារធ្វើ បានដាក់ពាក្យ និងសម្ភាសន៍ការងារជាមួយតំណាងនិយោជកដោយផ្ទាល់។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលផ្សព្វផ្សាយពីឱកាសការងារ ព្រមទាំងយន្តការងារផ្តល់សេវាការងារ រួមមាន ការផ្គូផ្គងការងារ ការផ្តល់ប្រឹក្សាយោបល់ការងារ និងការចុះឈ្មោះយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។

ការរៀបចំកម្មវិធីពិព័រណ៍ការងារដោយក្រុមធុរកិច្ចបរទេសនៅកម្ពុជា ដែលមិនត្រឹមតែបានឆ្លុះបញ្ជាំងពីការចូលរួមផ្សព្វផ្សាយ និងផ្តល់ឱកាសការងារដោយផ្ទាល់ដល់យុវជន និងអ្នកស្វែងរកការងារធ្វើ ក្នុងខណៈដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំរៀបចំកម្មវិធីពិព័រណ៍ការងារជាប្រចាំនៅតាមមូលដ្ឋាន និងនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីទំនុកចិត្ត និងការជឿជាក់លើបរិយាកាស និងសក្តាលនុពលវិនិយោគនៅកម្ពុជាផងដែរ ហើយឆ្លៀតឱកាសនេះដែរ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគ ធុរជនឥណ្ឌាដែលបាននិងកំពុងមានវត្តមានប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់អំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងតម្រូវការកម្លាំងពលកម្ម និងជំនាញរបស់វិស័យឯកជន។ លោកក៏បានបញ្ជាក់បន្ថែមផងដែលថា NEAគឺជាដៃគូយុទ្ធសាស្រ្តរបស់វិស័យឯកជននៅក្នុងការផ្តល់សេវាជ្រើសរើសបុគ្គលិក និងផ្គូផ្គងអ្នកស្វែងរកការងារធ្វើទៅក្រុមហ៊ុនឯកជន។

ក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធីនេះ ដែលបានបង្ហាញអំពីការចូលរួមរក្សាស្ថេរភាពទីផ្សារការងារនៅកម្ពុជា និងផ្តល់ឱកាសការងារដល់យុវជន និងអ្នកស្វែងរកការងារធ្វើ ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា NEA បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការជាមួយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។

សូមជម្រាបផងដែលថា កម្មវិធីពិព័រណ៍ការងារ មានការចូលរួមពីក្រុមហ៊ុនចំនួន ១៥ ដែលមានឱកាសការងារចំនួន ២០០កន្លែង និងមានអ្នកចូលរួមពិធីប្រមាណ ៣០០ នាក់ នៅសណ្ឋាគារ Sun and Moon៕


