កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានប្ដេជ្ញាបន្តជំរុញសន្ទុះ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ។

ជាកិច្ចចាប់ផ្ដើម, លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសបញ្ជាក់ថា ជំនួបរវាងលោក និងសម្ដេចធិបតី នាឱកាសនេះ សបញ្ជាក់អំពីភាពជិតស្និទ និង ការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។ ក្នុងន័យនេះ, លោក បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត របស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំង ការចូលជាធរមាន នាពេលថ្មីៗនេះ នៃពិធីសារទី២ ដើម្បីធ្វើវិសាធនកម្មលើកិច្ចព្រមព្រៀងស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល» ដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ, សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពី សន្តិសុខស្បៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះផងដែរ។ សម្ដេចធិបតីបានសម្ដែងនូវសុទិដ្ឋិនិយមថា ប្រទេសទាំងពីរនឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់វិស័យបន្ថែមទៀត ក៏ដូចជាបន្តផ្សារភ្ជាប់ភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ សម្ដេចធិបតី ក៏បានជម្រាបជូន លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ថា កម្ពុជានឹងចាប់ផ្ដើមអនុវត្តច្បាប់ស្តីពី កាតព្វកិច្ចយោធា ក្នុងឆ្នាំ២០២៦នេះ ហើយសម្ដេចធិបតីសង្ឃឹមថា កម្ពុជានឹងទទួលបានការចែករំលែក បទពិសោធន៍ពីប្រទេសសិង្ហបុរីបន្ថែមទៀត ដើម្បីធានានូវភាពរលូនសម្រាប់ការអនុវត្ត។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ថាមពល ការពារជាតិ និងសន្តិសុខ ព្រមទាំងបានផ្លាស់ប្ដូរយោបល់គ្នា អំពីបញ្ហាតំបន់មួយចំនួនក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិ ៕
