ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា លើកឡើងពីផលប៉ះពាល់ ផ្នែកមនុស្សធម៌ កើតចេញពីភាពតានតឹង នៅមជ្ឈិមបូព៌ា

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើង អំពីផលប៉ះពាល់ ផ្នែកមនុស្សធម៌ ដែលកើតចេញពីភាពតានតឹង នៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋអាស៊ាន។

នេះបើយោងយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

លើបញ្ហាសន្តិសុខ និងភាពធន់ថាមពល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តោតសារៈសំខាន់ នៃការ ពន្លឿនការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្តីពីសន្តិសុខប្រេងឥន្ធនៈ ព្រមទាំងការជំរុញ បណ្តាញថាមពលអាស៊ាន (APG) និងបំពង់បង្ហូរ ឧស្ម័នឆ្លងអាស៊ាន ដើម្បីពង្រឹង ភាពធន់ថាមពល និងភាព បត់បែនៃការផ្គត់ផ្គង់ក្នុងតំបន់។

ពាក់ព័ន្ធនឹងសន្តិសុខស្បៀង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹង ប្រព័ន្ធស្បៀងក្នុងតំបន់ និងការលើកកម្ពស់ការត្រៀមខ្លួន របស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែ ជិតស្និទ្ធ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃយន្តការតំបន់ ដែលមានស្រាប់ រួមមានយន្តការអាស៊ានបូកបីស្តីពី ការបម្រុងទុកស្រូវអង្ករក្នុងគ្រាអាសន្ន (APTERR) និងប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន។

សម្តេចធិបតី ក៏បានអះអាងជាថ្មី អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលមានអតិរេកស្បៀង ក្នុងការចូលរួម ចំណែកប្រកបដោយអត្ថន័យ ដល់កិច្ចខិតខំប្រឹងប្រែង របស់តំបន់លើសន្តិសុខស្បៀង ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ ដែលកើតចេញពី ភាពតានតឹងនៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាពនិងសុខុមាលភាព របស់ប្រជាពលរដ្ឋអាស៊ាននៅក្នុងតំបន់ដែល រងផលប៉ះពាល់។

សម្តេចធិបតី បានបង្ហាញភាពរីករាយ ដោយបានឃើញប្រទេសសមាជិកអាស៊ាន ជួយគ្នាទៅ វិញទៅមកស្របតាម សេចក្តីថ្លែងការណ៍ ស្តីពីគោលការណ៍ណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការ កុងស៊ុល ដោយ ស្ថានបេសកកម្ម របស់ប្រទេសសមាជិកអាស៊ាន នៅប្រទេសទីបី ជូនដល់ប្រជាពលរដ្ឋ នៃប្រទេសសមាជិកអាស៊ាន ដទៃទៀត និងគោលការណ៍ណែនាំ ស្តីពីការផ្តល់ជំនួយ សង្គ្រោះបន្ទាន់ដោយស្ថានបេសកកម្មអាស៊ាននៅប្រទេស ទីបីជូនដល់ប្រជាពលរដ្ឋ នៃប្រទេសសមាជិកអាស៊ានក្នុងគ្រាអាសន្ន។

សូមរំលឹកថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី លីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន៕

To Top