ADB ប្តេជ្ញាពង្រឹងកិច្ចប្រតិបត្តិការ ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោក Masato Kanda ប្រធាន ADB បានសរសេរនៅលើទំព័រ LinkedIn ថា «កម្ពុជាបន្តវឌ្ឍនភាពនៃការអភិវឌ្ឍដ៏រឹងមាំ»។
លោក បានជួបពិភាក្សាការងារប្រកបដោយផលិតភាពខ្ពស់ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរ សម្តេច ចំពោះសមិទ្ធិផលទាំងនេះ និងអរគុណ សម្តេច ចំពោះភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។
លោកថា «ខណៈដែលយើងឆ្លងកាត់វិបត្តិសកលរួម ADB ត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការគាំទ្ររបស់យើង។ ADB ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីជួយកម្ពុជាគ្រប់គ្រងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ជំរុញអាទិភាពជាតិ និងផ្តល់ឱកាសពិតប្រាកដសម្រាប់ប្រជាពលរដ្ឋកម្ពុជា»៕
