សម្ដេចធិបតី ៖ ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ទាមទារនូវកិច្ចសហការរួមគ្នា រវាងប្រទេស និងប្រទេស
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់ទាមទារនូវកិច្ចសហការរួមគ្នារវាងប្រទេស និងប្រទេស។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ លោក ក៏បានគោរពជម្រាបជូន សម្ដេចធិបតី ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលអនុវត្តកំណត់ហេតុស្ដីពីសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កា។
លោក បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាចលករជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ តាមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាសុខសុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ លោក ក៏បានប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្ដេចធិបតី បានបន្ថែមទៀតថា ប្រទេសទាំងពីរក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលនឹងត្រូវបន្តខិតខំធ្វើការរួមគ្នា ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលជាចលករ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

សម្ដេចធិបតី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យសន្តិសុខ រវាងក្រសួងទាំងពីរ នាពេលកន្លងមក។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់ ដែលទាមទារ នូវកិច្ចសហការរួមគ្នារវាងប្រទេស និងប្រទេស»។
ជាទីបញ្ចប់, សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត លើវិស័យសន្តិសុខ ដែលជាវិស័យដ៏សំខាន់មួយ ដែលនឹងចូលរួមចំណែកគាំទ្រដល់ការតភ្ជាប់ នៃវិស័យដទៃៗទៀតនៃប្រទេសទាំងពីរ៕
