Feature

លោក ហេង សួរ និងលោកស្រី អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល SHINKI APPAREL (CAMBODIA) CO.,LTD. ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។  

ការអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយបរិយាកាសរីករាយ និងភាពស្និទ្ធស្នាលនាពេលនេះ គឺជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃពួកគាត់ ដើម្បីផ្តល់ជូនជាដំណោះស្រាយជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់ សម្តេចតេជោ និងទាំង១០ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ 

នាឱកាសនោះ លោក ហេង សួរ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនកម្មករនិយោជិត និងគិតគូរធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនបងប្អូនពីការប្រឹងប្រែងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រ សហគ្រាស រួមគ្នាដោះស្រាយរាល់បញ្ហា ចៀសវាងនូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់។ ក្នុងករណីមានបញ្ហាដែលពិបាកដោះស្រាយ ឬមិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងការងារ សូមទាក់ទងជាបន្ទាន់មកលេខ ១២៨៦ ដើម្បីក្រុមមន្រ្តីផ្សះផ្សាវិវាទរបស់ក្រសួង ឬមន្ទីរការងារ ចុះសម្របសម្រួល ឬពន្យល់ជូន និងលេខ ១២៩៧ សម្រាប់ព័ត៌មានឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យមានការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈកម្មវិធី TVET ១,៥លានផងដែរ។ 

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត។ រោងចក្រនេះមានការគ្រប់គ្រង និងដំណើរការច្រវាក់ផលិតកម្មទំនើបដោយប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិកម្ម (automation) និងកន្លែងធ្វើការមានផាសុកភាពល្អផងដែរ។ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រមានស្តង់ដាខ្ពស់ ហើយបងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនេះ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី។  

សូមបញ្ជាក់ថា រោងចក្រ ស៊ិនគី អឹភែរឹល បានបើកដំណើរការកាលពីឆ្នាំ២០២៥ ដែលជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់សម្រាប់ផ្គត់ផ្គង់ឱ្យម៉ាកល្បីៗនៅលើពិភពលោក ដូចជា ម៉ាក UNIQLO ។ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារចំនួន ៦ ៦១៤ នាក់ (ស្រី ៥ ១២៦នាក់) ដែលទទួលបានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន រួមមាន៖ កន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារ និងផ្តល់បាយថ្ងៃត្រង់ដោយមិនគិតថ្លៃជាដើម៕

To Top