អត្ថបទ

ភោជនីយដ្ឋាន ហុងកុង បើកសម្ពោធសាខា ហាងទី៥ របស់ខ្លួន ជាផ្លូវការ​ នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ ភោជនីយដ្ឋានហុងកុង សាខាទី៥ បានបើកសម្ពោធជាផ្លូវការហើយ ដោយមានភ្ញៀវចូលរួមជាច្រើន បើទោះបីជាកម្ពុជា កំពុងជួបវិបត្តិ ដោយសារជំងឺកូវីដ១៩ក្ដី តែភោជនីយដ្ឋាននេះ បានសម្រេចបើកសាខាមួយទៀត នៅទល់មុខ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដើម្បីបើកបម្រើជូនភ្ញៀវ​ ទទួលទានអាហារបែបហុងកុង ។

បើតាមលោកស្រី Theresa Yuen ម្ចាស់ភោជនីយដ្ឋានហុងកុង នៅកម្ពុជា បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ ភោជនីយដ្ឋានហុងកុង បានបើកនៅកម្ពុជា៥ទីតាំងហើយ ដែលមានការទទួលគាំទ្រ ពីភ្ញៀវនៅកម្ពុជា ជាច្រើនផងដែរ សម្រាប់ភ្ញៀវ ចូលមកទទួលទានអាហារ នៅក្នុងភោជនីយដ្ឋានហុងកុង ទាំង៥ទីតាំង ភាគច្រើនមកពីហុងកុង ចិនដីគោក ម៉ាឡេស៊ី និងភ្ញៀវជាច្រើនទៀត រួមទាំងកម្ពុជា ។

លោកស្រីនិយាយថា មូលហេតុដែលយើងសម្រេច បើកភោជនីយដ្ឋានហុងកុង ជាបន្តបន្ទាប់នៅក្នុងប្រទេស ដោយសារតែចង់យកអាហារ បែបហុងកុង មកផ្ដល់ជូនភ្ញៀវ ក្នុងប្រទេសកម្ពុជា ទទួលទាន ព្រោះនៅក្នុងប្រទេសកម្ពុជា មិនសូវមានភោជនីយដ្ឋាន បែបនេះឡើយ ។

លោកស្រី បន្តថា សម្រាប់ទីតាំងទី៥នៅកម្ពុជា ដែលស្ថិតនៅមុខ ពហុកីឡដ្ឋានជាតិ អូឡាំពិកនេះ ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់ ដែលមានបម្រើអាហារ ជាច្រើនមុខម្ហូប ជាអាហារបែបហុងកុងពិតៗ ដោយចំណាយទុន ប្រមាណ២០ម៉ឺនដុល្លារ ដើម្បីដំណើការ ភោជនីយដ្ឋានមួយនេះ ។

លោកស្រី បន្ថែមថា សម្រាប់សាខាទី៥នៅកម្ពុជា ភោជនីយដ្ឋាននេះ បានផ្ដល់ឱកាសការងារ ដល់ពលរដ្ឋកម្ពុជា ប្រមាណជាង១០០នាក់ ក្នុងនោះសូម្បីតែចុងភៅ ក៏ជាជនជាតិកម្ពុជាដែរ ដោយមិននាំពីប្រទេសចិន ឬមកពីហុងកុងឡើយ ។

ក្រៅពីកម្ពុជា ភោជនីយដ្ឋានហុងកុង ក៏មានទីតាំង នៅប្រទេសម៉ាឡេស៊ី មួយផងដែរ ហើយនៅថ្ងៃអនាគតខាងមុខនេះ ភោជនីយដ្ឋាននេះ នឹងបើកដំណើរការមួយទៀត នៅក្នុងប្រទេសកម្ពុជា ។

លោកស្រីបញ្ជាក់ផងដែរថា នៅក្នុងសម័យកាលកូវីដ១៩ នេះ គ្រប់ភ្ញៀវដែលចូលមក ក្នុងភោជនីយដ្ឋាន តម្រូវអោយវាស់កំដៅក្នុងខ្លួន ត្រូវលាងដៃជាមួយអាល់កុល និងតម្រូវអោយមានអនាម័យ ទៅតាមក្រសួងសុខាភិបាលកម្ពុជា ណែនាំផងដែរ ដើម្បីចូលរួម ការពារជំងឺកូវីដ១៩ទាំងអស់គ្នា ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ វត្តមានជនបរទេស នៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើង ជាពិសេសភ្ញៀវទេសចរ ដែលមកទស្សនា នៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែរ វត្តមានហាងអាហារ ភេសជ្ជៈ និងសេវាកម្មបែបអន្តរ ជាតិក៏មានច្រើនដែរ ដើម្បីបម្រើភ្ញៀវទេសចរ ដែលមកពីប្រទេសទាំងនោះ ៕

To Top