នាយករដ្ឋមន្រ្តីកម្ពុជា បន្តពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី ជាមួយប្រទេសលើពិភពលោក
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តលើពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃដំណើរចូលរូមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ ក៏ដូចជាជំនួបទ្វេភាគីរបស់សម្តេចធិបតី ជាមួយលោក ល្លាមឌីមៀ ពូទីន លោកហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចធិបតីបានបញ្ជាក់ពីជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការពង្រឹងមិត្តថ្មី និងចាស់ជាមួយបណ្តាមេដឹកនាំនានានៅទូទាំងសកលលោក ។

លោកបញ្ជាក់ថា “សារនយោបាយដ៏ច្បាស់លាស់របស់សម្តេចធិបតី គឺកម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីនៅលើពិភពលោក ទៅថ្ងៃមុខទៀតគឺជាទិសដៅ នៃគោលនយោបាយបរទេសឯករាជ្យ និងប្រកបដោយតុល្យភាពរបស់កម្ពុជាយើង នៅក្នុងបរិបទពិភពលោកមួយ ដែលមិនជាក់លាក់ ស្មុគស្មាញ និងមិត្តឋិតឋេរទាល់តែសោះ”។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តថា នៅលើទឹកដីរុស្ស៊ីក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ បេសកកម្មសរបស់សម្តេចធិបតី បានបន្តគោលនយោបាយការបរទេសឯករាជ្យបើកចំហរ និងតុល្យភាពល្អរបស់កម្ពុជាដោយរក្សាបានខ្ជាប់ខ្ជួននូវមិត្តភាពរឹងមាំជាមួយដៃគូទាំងអស់ ។

លោកបន្ថែមថា មិត្តភាពរវាងកម្ពុជា និងរុស្ស៊ីជាមិត្តយូរអង្វែងដែលឈរលើផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក ។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងនេះ ទៀតសោត នឹងបន្តកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ជាមួយគ្រប់បណ្តាប្រទេសនានានៅក្នុងពិភពលោក ដើម្បីការពារសន្តិភាព លើកកម្ពស់ការអភិវឌ្ឍនិងបន្តបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ៕




