Feature

សម្តេចធិបតី ៖ កម្ពុជា កំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អ សម្រាប់សហភាព EAEU ពិចារណាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា​ បាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរ កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និងពិចារណា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)​ ជាមួយគ្នា ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​ រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​​ (EEC) ។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) និងកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព EAEU ជាពិសេសលើវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ​ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)​ ជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជា ដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជា គឺជាច្រកទ្វារដ៏សំខាន់ ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ានជាដើម។

ក្នុងន័យនេះ ការសម្រេចបាននូវកិច្ចព្រមព្រៀង FTA​ ជាមួយកម្ពុជា នឹងក្លាយជាកាលានុវត្តភាពសម្រាប់សហភាព EAEU ក្នុងការពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយ។

សម្តេចធិបតី និងលោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្តពិភាក្សា ដោយផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំពាណិជ្ជកម្ម តាមរយៈការកំណត់វិស័យសក្តានុពល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ,​សម្តេចធិបតី និងប្រធានក្រុមប្រឹក្សាភិបាល យល់ស្របគ្នាថា កម្ពុជា និងសហភាព EAEU មានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀត ដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងន័យនេះ, ការឈានទៅសម្រេចចុះហត្ថលេខា​ លើកិច្ចព្រមព្រៀង FTA នាពេលខាងមុខ នឹងជួយជំរុញកំណើនពាណិជ្ជកម្ម រវាងកម្ពុជា និង សហភាព​ ​EAEU ឱ្យកាន់តែធំធេង​ និង​ ប្រសើរឡើង៕

To Top