ព័ត៌មានអន្តរជាតិ

អាមេរិក នឹងដាក់ពន្ធ៥០ភាគរយ លើទំនិញដែលមានតម្លៃ ២០ពាន់លានដុល្លារ របស់កាណាដា

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានប្រកាសដាក់ពន្ធគយ ៥០% លើមុខទំនិញនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាណាដា ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិកហៅថា ជាការប្រព្រឹត្តបែបមានការរើសអើងចំពោះរថយន្ត គ្រឿងស្រវឹង និងផលិតផលទឹកដោះគោដែលផលិតនៅអាមេរិក ដែលនេះកំពុងគំរាមកំហែងដល់ការបើកការប្រឈមមុខដាក់គ្នាថ្មីមួយទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មសកល។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងការសម្រេចដាក់ពន្ធនាំចូលលើទំនិញនានា ចាប់តាំងពីស្រាទំពាំងបាយជូរ រហូតដល់ស៊ីម៉ង់ត៍ និងឧបករណ៍កីឡាហុកគីលើទឹកកក លោក ត្រាំ បានយោងតាមមាត្រា ៣៣៨ នៃច្បាប់ពន្ធគយឆ្នាំ ១៩៣០ ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាចដាក់ពន្ធពិន័យរហូតដល់ ៥០% ប្រឆាំងនឹងដៃគូពាណិជ្ជកម្មទាំងឡាយណាដែលត្រូវបានចាត់ទុកថាបានរើសអើងចំពោះទំនិញរបស់អាមេរិក។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់ពីការប្រើប្រាស់ច្បាប់នេះជាលើកដំបូងបំផុត ក្នុងរយៈពេលជិតមួយសតវត្សរ៍នៃអត្ថិភាពរបស់វា។

ពន្ធគយថ្មីនេះ ដែលនឹងត្រូវចូលជាធរមានក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ នឹងត្រូវអនុវត្តផងដែរលើផលិតផលអាហារដែលមានជាតិទឹកដោះគោ ឧបករណ៍អាងហែលទឹក គ្រឿងសង្ហារឹម ដងស្ទូចត្រី គ្រាប់ពូជ សម្លៀកបំពាក់ និងសក់ពាក់ ឬសក់ក្លែងក្លាយ ព្រមទាំងមុខទំនិញដទៃទៀត។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងថា ពន្ធគយនេះនឹងត្រូវអនុវត្តលើទំនិញនាំចូលពីប្រទេសកាណាដាដែលមានតម្លៃជិត ២០ ពាន់លានដុល្លារ។ ផ្អែកតាមទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិក (U.S. Census Bureau) ចំនួននេះស្មើនឹងប្រមាណ ៥.២% នៃទំនិញសរុបតម្លៃ ៣៨២ ពាន់លានដុល្លារ ដែលអាមេរិកបាននាំចូលពីកាណាដាក្នុងឆ្នាំ ២០២៥។

ប្រែសម្រួលៈ ណៃ តុលា

To Top