អ្នកនាំពាក្យ៖ មន្ទីរខេត្តព្រះសីហនុ បានអន្តរាគមន៍ដោះស្រាយករណីនេះបញ្ចប់បញ្ហាភ្លាមៗ
ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរខេត្តព្រះសីហនុនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអន្តរាគមន៍ និងសម្រុះសម្រួលដោយជោគជ័យលើករណីកម្មករសំណង់ចំនួន ១៤នាក់ ទាមទារប្រាក់ឈ្នួលសរុបប្រមាណ ៧,០០០ដុល្លារអាមេរិក ដោយភាគីម៉ៅការបានចាប់ផ្តើមទូទាត់ប្រាក់ភ្លាមៗ និងបានកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការទូទាត់ប្រាក់ដែលនៅសល់។ នេះគឺជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២៦នេះ។

បើតាមលោក ស៊ុន មេសា ក្រោយការសម្រុះសម្រួល ភាគីម៉ៅការបានយល់ព្រមទូទាត់ប្រាក់ឈ្នួលជូនកម្មករភ្លាមៗចំនួន ១,០០០ដុល្លារអាមេរិក ហើយចំពោះប្រាក់ឈ្នួលដែលនៅសល់ចំនួន ៦,០០០ដុល្លារអាមេរិក ភាគីម៉ៅការបានប្តេជ្ញាទូទាត់ជូនកម្មករនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅការដ្ឋានសំណង់ផ្ទាល់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា មានប្រសាសន៍ថា៖ «ក្រសួងការងារតែងតែយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត។ នៅពេលមានបញ្ហាកើតឡើង មន្ត្រីជំនាញនឹងចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយ និងអនុវត្តកាតព្វកិច្ចស្របតាមច្បាប់។ ក្រសួងនឹងបន្តតាមដានរហូតដល់កម្មករទទួលបានប្រាក់ឈ្នួលគ្រប់ចំនួន»។

លោកបានបន្ថែមថា ករណីនេះជាការបង្ហាញថា យន្តការដោះស្រាយវិវាទការងាររបស់ក្រសួងការងារទាំងយន្តការក្រសួង និងយន្តការមន្ទីរកំពុងដំណើរការយ៉ាងសកម្ម និងមានប្រសិទ្ធភាព ដោយផ្តោតលើការសម្រុះសម្រួល ការពារសិទ្ធិកម្មករ និងរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងការងារ។
ជាមួយគ្នានេះ ក្រសួងនឹងបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងរហូតដល់កម្មករទទួលបានប្រាក់ឈ្នួលពេញលេញ ស្របតាមការសន្យារបស់ភាគីម៉ៅការ និងបទប្បញ្ញត្តិច្បាប់ជាធរមាន៕









