Feature

កងកម្លាំងប្រដាប់អាវុធថៃសាងសង់លេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា និងប្រកាសពង្រីកបណ្តាញអគ្គិសនីទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាជាថ្មី បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មី រំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងការប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ 

ក្រសួងការបរទេសតាមរយៈសេចក្តីថ្លែងការណ៍បញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់ថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់ និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧៕

To Top