Feature

លោក យឹម វិសិដ្ឋ ប្រគល់ថវិកាចំនួន ១២០ លានរៀលនិងប្រេងម៉ាស៊ូតចំនួន ៤០០០ លីត្រជូនរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីចាត់ចែងបន្ត

ពោធិ៍សាត់៖ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅក្នុងសាលបន្ទប់រង់ចាំនៃរដ្ឋបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំប្រតិភូចូលជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារ។

ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្នេហាជាតិ លោក យឹម វិសិដ្ឋ ក៏បានពាំនាំនូវអំណោយឧបត្ថម្ភជាថវិកា និងប្រេងឥន្ធនៈ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ ថវិកាសរុប៖ ១២០,០០០,០០០ រៀល (មួយរយម្ភៃលានរៀល) និងប្រេងម៉ាស៊ូត ៤,០០០ លីត្រ។

អំណោយឧបត្ថម្ភទាំងនេះ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចាត់ចែងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង របស់កងទ័ពជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅទិសថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្ត ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក យឹម វិសិដ្ឋ និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការផ្តល់ការឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ស្មារតីនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មារតី និងជីវភាពរបស់កងទ័ព ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top