ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២:០៩នាទី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យរួមមាន៖ ទី១. ឈ្មោះ ជេត រី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២. ឈ្មោះ សំ ប្រាថ្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិស្លា ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ ម្សៅក្រាមពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨កញ្ចប់តូច (ទម្ងន់ ៦.៣៣ក្រាម), ទូរស័ព្ទចំនួន ០៤គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ឧបករណ៍ជក់បារីអេឡិចត្រូនិចចំនួន ០១គ្រឿង, ឧបករណ៍ប្រើប្រាស់ និងថង់ច្រកគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕


