Feature

ស្ទាវជនជាតិថៃចំនួន៧នាក់ ប្លន់អ្នកទេសចរជនជាតិជប៉ុន នៅជិតស្ថានីយ៍រថភ្លើងភ្ជាប់ទៅអាកាសយានដ្ឋាន ក្នុងទីក្រុងបាងកក

‎បរទេស: ស្ទាវជនជាតិថៃចំនួន៧នាក់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំត្រូវបានចាប់ខ្លួនពីបទវាយប្រហារ និងប្លន់ភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់នៅជិតស្ថានីយ៍រថភ្លើង Makkasan ភ្ជាប់ទៅអាកាសយានដ្ឋាន  ក្នុងទីក្រុងបាងកក។

‎យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ថា ភ្ញៀវទេសចររូបនេះបានវង្វេងផ្លូវនៅចុងថ្ងៃទី១២ ខែសីហា ខណៈពេលកំពុងព្យាយាមស្វែងរកច្រកចូលស្ថានីយ៍ ហើយបានវង្វេងចូលទៅក្នុងតំបន់ព្រៃមួយក្បែរផ្លូវ Soi Asoke-Din Daeng 30។ យោងតាមការរៀបរាប់របស់គាត់ យុវជនចំនួន៦នាក់ជិះម៉ូតូពីរគ្រឿងបានមករកគាត់ ហើយទាមទារលុយម្តងហើយម្តងទៀត។

‎នៅពេលដែលគាត់និយាយថាគាត់គ្មានលុយ ក្រុមនោះ បានវាយគាត់បីដងនៅខាងក្រោយក្បាលដោយថ្មទំហំប៉ុនកណ្តាប់ដៃ ហើយដាល់គាត់ចំមាត់។ គាត់បានរត់ចេញពីតំបន់នោះដោយនៅតែកាន់កាបូបស្ពាយរបស់គាត់។

‎ប៉ូលីសបានឃាត់ខ្លួនយុវជនចំនួន៧នាក់នៅល្ងាចបន្ទាប់នៅអាផាតមិនក្បែរស្ថានីយ៍ប៉ូលីស Din Daeng។ ក្នុងអំឡុងពេលសួរចម្លើយដំបូង ពួកគេបានសារភាពថាបានយកលុយចំនួន ១.៤០០ បាត ហើយចែកគ្នាស្មើៗគ្នា ដោយទទួលបានប្រាក់ម្នាក់ៗចំនួន ២០០បាត។

‎យុវជនទាំងនោះត្រូវបានគេរាយការណ៍ថាបានប្រាប់ប៉ូលីសថា ពួកគេធ្លាប់បានទាក់ទងមនុស្សដើម្បីសុំលុយតាមរបៀបស្រដៀងគ្នានេះច្រើនដងពីមុនមក ហើយជាធម្មតាមិនជួបប្រទះបញ្ហាអ្វីទេ ប៉ុន្តែបាននិយាយថា ពួកគេបានវាយប្រហារអ្នកទេសចរជប៉ុនបន្ទាប់ពីអ្មកទេសចរជនជាតិជប៉ុនរូបនោះ បដិសេធមិនព្រមឲ្យលុយពួកគេ។

‎ពួកគេបានអះអាងថា ពួកគេគ្រាន់តែប្រើកណ្តាប់ដៃប៉ុណ្ណោះ ហើយបានបដិសេធមិនប្រើអាវុធទេ ទោះបីជាប៉ូលីសនិយាយថា ពួកគេខ្លះកាន់កាំបិតក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទេសចររូបនេះបានប្រាប់អ្នកស៊ើបអង្កេតថា គាត់ត្រូវបានគេវាយដោយថ្ម។

‎ប្រែសម្រួល: ណៃ តុលា

To Top