Feature

អ៊ីរ៉ង់​ ព្រមានបារាំង​ កុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន

តេអេរ៉ង់៖​ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានព្រមានរដ្ឋាភិបាលបារាំង​ កុំឱ្យជ្រៀតជ្រែកខុសច្បាប់ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងបានឧ្យដឹងថា អ្នកការទូតបារាំងពីររូប​ បានចូលរួមក្នុងកិច្ចប្រជុំសម្ងាត់មួយនៅទីក្រុងតេអេរ៉ង់​ កាលពីខែកក្កដា​ ជាមួយជនសង្ស័យនៃ “ករណីធំមួយដែលពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីបរទេស”។

បន្ទាប់ពីការស៊ើបអង្កេត ក្រសួងបានឧ្យដឹងថា អ្នកការទូតទាំងនោះមាន “កំណត់ត្រាយ៉ាងទូលំទូលាយនៃការរំលោភបំពាន និងអាកប្បកិរិយាផ្ទុយនឹងច្បាប់ក្នុងស្រុករបស់អ៊ីរ៉ង់ និងកាតព្វកិច្ចការទូតរបស់ពួកគេ”។

ក្រសួងបានសង្កត់ធ្ងន់ថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកការទូតបរទេសនៅអ៊ីរ៉ង់​ ចូលរួមក្នុងសកម្មភាព “អន្តរាគមន៍ខុសច្បាប់” នោះទេ ដោយព្រមានថា ការប្រព្រឹត្តបែបនេះម្តងទៀតនឹងទាញការឆ្លើយតបយ៉ាងសមស្របមួយ។ 

នៅថ្ងៃទី២០ ខែកក្កដា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានឧ្យដឹងថា មន្ត្រីស្ថានទូតបារាំងពីររូបត្រូវបានឃុំខ្លួន និងប្រព្រឹត្តអាក្រក់នៅទីក្រុងតេអេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានហៅឧប្បត្តិហេតុនេះថា «គួរឱ្យភ្ញាក់ផ្អើល» ដោយបន្ថែមថា លោកបានព្រមានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi ថា វាមិនអាចដំណើរការដោយគ្មានផលវិបាកនោះទេ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top