Feature

រដ្ឋមន្ត្រី ហួត ហាក់៖ ភាពយន្ត គឺជាអំណាចទន់ដ៏មានឥទ្ធិពល ដែលអាចនាំរូបភាពកម្ពុជា ទៅជុំវិញពិភពលោក

ភ្នំពេញ៖​ លោក ហួត ហាក់ ចាត់ទុកភាពយន្ត គឺជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពល ដែលអាចនាំរូបភាពកម្ពុជា ទៅដល់បេះដូងទស្សនិកជនរាប់លាននាក់ ជុំវិញពិភពលោក ។

ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទ នាពេលរាត្រីនៅកម្ពុជា ធ្វើឡើងក្នុងឱកាស​ អនុញ្ញាតឱ្យគណៈប្រតិភូ សមាគមភាពយន្តកម្ពុជា ដឹកនាំដោយ លោក ឆាយ បូរ៉ា ប្រធានសមាគម ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ស្តីពីការជំរុញ និងលើកកម្ពស់ «ទេសចរណ៍ភាពយន្ត (Film Tourism)» នៅកម្ពុជា ​។

ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហការ រវាងវិស័យទេសចរណ៍ និងវិស័យភាពយន្ត ដោយប្រែក្លាយភាពយន្ត ទៅជាឧបករណ៍ផ្សព្វផ្សាយទេសចរណ៍ និងអំណាចទន់ដ៏មានឥទ្ធិពល ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី បេតិកភណ្ឌ និងសម្រស់ធម្មជាតិរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ ព្រមទាំងទាក់ទាញផលិតករភាពយន្តបរទេស ឱ្យមកជ្រើសរើសកម្ពុជា ជាទីតាំងថតភាពយន្ត និងជំរុញភ្ញៀវទេសចរឱ្យមកស្គាល់ និងទទួលយកបទពិសោធន៍ នៅកម្ពុជាដោយផ្ទាល់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមភាពយន្តកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ។

លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា «ភាពយន្ត គឺជាអំណាចទន់ (Soft Power) ដ៏មានឥទ្ធិពល ដែលអាចនាំរូបភាពកម្ពុជា ទៅដល់បេះដូងទស្សនិកជន រាប់លាននាក់ជុំវិញពិភពលោក និងបំផុសឱ្យពួកគេចង់មកស្គាល់កម្ពុជា ដោយផ្ទាល់»។

ជាមួយគ្នានេះ លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា បានគោរពរាយការណ៍ ជូនរដ្ឋមន្ត្រី អំពីសមិទ្ធផលសំខាន់ៗ ដែលសមាគមសម្រេច បាននាពេលកន្លងមក បញ្ហាប្រឈម សំណូមពរ ព្រមទាំងទិសដៅការងារ សម្រាប់ពេលខាងមុខ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍ ឧស្សាហកម្មភាពយន្ត និងទេសចរណ៍ភាពយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក និងប្រកួតប្រជែង។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ក្រសួងទេសចរណ៍ នឹងរៀបចំ សិក្ខាសាលាស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធ ពិភាក្សា និងរួមគ្នាកំណត់យន្តការ និងទិសដៅអាទិភាព​ ក្នុងការប្រើប្រាស់វិស័យភាពយន្តជាចលករថ្មីមួយ សម្រាប់ការផ្សព្វផ្សាយ និងទាក់ទាញទេសចរ​ មកកាន់ព្រះរាជាណាចក្រកម្ពុជា៕

To Top