លោក នេត្រ ភក្ត្រា ៖ ព័ត៌មាន និងសាធារណមតិ ត្រូវយកចិត្តទុកដាក់ខ្លាំង
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិពិតជាមានសារៈសំខាន់ ដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងព័ត៌មានដែលមានក្របខណ្ឌជាអ្នកគ្រប់គ្រងព័ត៌មានត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ វាយតម្លៃលទ្ធផល សមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា ថ្លែងថា ក្រសួងព័ត៌មានមានតួនាទី និងភារកិច្ចលើគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមួយចំនួនកន្លងមកដែលធ្លាប់នៅកន្លែងសុខស្រួលត្រូវតែចេញមកនៅតំបន់ក្តៅវិញ ដោយសារតំបន់ក្តៅមានរឿងកើតឡើងជាច្រើនដែលទាមទារឱ្យមានការគ្រប់គ្រងលើព័ត៌មាន និងសាធារណៈមតិ ព្រោះជាការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ ។
លោកបន្តថា ការគ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋនេះ ដោយសារបច្ចុប្បន្នប្រភពព័ត៌មានមានយ៉ាងច្រើនពិសេសនៅលើបណ្តាញសង្គមនានាដែលធ្វើឱ្យពួកគាត់ឆាប់ជឿ ។ ដូច្នេះការងារទាំងអស់នេះ ទាមទារឱ្យគ្រប់គ្នាត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់ក្នុងនាមថ្នាក់ដឹកនាំលើប្រព័ន្ធផ្សព្វផ្សាយ ។
លោកបញ្ជាក់ថា “ព័ត៌មាននិងសាធារណមតិនេះ គឺត្រូវយកចិត្តទុកដាក់ខ្លាំង បើសិនជាយើងមិនយកចិត្តទុកដាក់ខ្លាំងទេ គឺភាពអាណាធិបតេយ្យនឹងកើតមានឡើងច្រើន ហើយការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក៏យើងពិបាក”។
រដ្ឋមន្រ្តីបន្ថែមថា ការគ្រប់គ្រងសតិអារម្មណ៍បាន គឺជាការគ្រប់គ្រងបាននូវអំណាច ។ មានន័យថា បើថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងព័ត៌មានក្នុងក្របខណ្ឌប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងមិនបាននូវព័ត៌មាននិងសាធារណមតិ នោះគឺការគាំទ្រពីប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលក៏មិនអាចគ្រប់គ្រងបានដែរ ។ ដូច្នេះក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេសអ្វីដែលត្រូវអនុវត្តគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល៕
