លោក សុខ សូកេន និងលោកស្រី ចូលរួមក្នុងពិធីប្រុងពលី និងពិធីចម្រើនព្រះបរិត្ត ជួសជុលព្រះវិហារវត្តសារាវ័នតេជោ ដែលផ្ដួចផ្ដើមដោយក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌ និងក្រសួងធម្មការ និងសាសនា
រាជធានីភ្នំពេញ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីប្រុងពលី និងពិធីចម្រើនព្រះបរិត្ត ជួសជុលព្រះវិហារវត្តសារាវ័នតេជោ ដែលកិច្ចអភិរក្ស និងជួសជុលព្រះវិហារនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌ និងក្រសួងធម្មការ និងសាសនា ហើយនឹងត្រូវអនុវត្តគម្រោងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ពិធីនេះមានការនិមន្តចូលរួមពីសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃ នាយករងទី១ សម្តេចព្រះសង្ឃ និងព្រះមន្ត្រីសង្ឃ និងមានការអញ្ជើញចូលរួមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងពុទ្ធបរិស័ទជាច្រើនរូប នៅក្នុងបរិវេណវត្តសារាវ័នតេជោ។

ការជួសជុលព្រះវិហារបុរាណនេះ គឺពិតជាមានសារៈសំខាន់ និងជាតម្រូវការចាំបាច់ ដើម្បីអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ ស្ថាបត្យកម្មសាសនាបុរាណ និងសិល្បៈដ៏មានតម្លៃឱ្យបានគង់វង្ស ព្រមទាំងដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ការពារសុវត្ថិភាពដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការប្រព្រឹត្តធម៌វិន័យ និងពិធីបុណ្យផ្សេងៗឱ្យកាន់តែមានភាពរលូន និងស្រស់ស្អាតឡើងវិញ។

គួររំលឹកផងដែរថា ព្រះវិហារវត្តសារាវ័នតេជោត្រូវបានកសាងឡើងនៅឆ្នាំ១៩១៧ ហើយធ្លាប់បានជួសជុលជាច្រើនដងរួចមកហើយ។ ក្នុងឆ្នាំ១៩៥២ ធ្លាប់ជួសជុលទ្រង់ទ្រាយធំ តែរក្សារចនាបថដើមទាំងស្រុង។ នៅទសវត្សឆ្នាំ៩០ ជួសជុលលើកទី២ ក្រោយមកនៅឆ្នាំ២០០៦ ជួសជុលទ្រង់ទ្រាយធំម្តងទៀត ដែលឧបត្ថម្ភថវិកាដោយ សម្តេចវិបុលបញ្ញា សុខ អាន និងលោកស្រី អាន្នី សុខអាន ព្រមទាំងក្រុមគ្រួសារ ក្រោយមកទៀតនៅឆ្នាំ២០១៣ ជួសជុលលាបថ្នាំពណ៌ផ្នែកខាងក្រៅ។ ព្

រះវិហារនេះជាប្រភេទព្រះវិហារជហ្វា ៤ សង់លើខឿនពីរជាន់ មានច្រកទ្វារចេញចូលទាំង៤ទិស ចាំងសាចជុំវិញដោយមានសសរ និងបង្កាន់ដៃកូនក្រឡឹង និងជណ្តើរភ្លោះសម្រាប់ចេញចូល។ នៅផ្នែកខាងក្រៅមានសន្លឹកសីម៉ា ដែលគេដាក់ភ្ជាប់នឹងជញ្ជាំង។ តួព្រះវិហារ និងសសរធ្វើពីឥដ្ឋតាន់បូកកំបោរបាយអ ធ្នឹម និងគ្រឿងបង្គុំដំបូលពីឈើ ប្រក់ក្បឿងស្រកាលេញ និងមានរូបគំនូរតាមជញ្ជាំង សសរ ពិតាន ទ្វារ និងបង្អួច៕

