Feature

ប្រធានាធិបតីតួកគី ជំរុញឱ្យលោក ដូណាល់ ត្រាំ ស្វែងរកកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ និងថា ទីក្រុងអង់ការ៉ានឹងផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានជំរុញប្រធានាធិបតីអាមេរិក លោក Donald Trump សន្ទនាតាមទូរស័ព្ទ ដើម្បីបន្តការចរចាជាមួយអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ហើយទីក្រុងអង់ការ៉ាផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីតួកគីនៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសតួកគី ដែលមានកងទ័ពធំជាងគេទីពីររបស់អង្គការណាតូ និងមានព្រំដែនជាប់នឹងប្រទេសអ៊ីរ៉ង់ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យបញ្ចប់សង្គ្រាម។ តួកគីបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ្នកសម្របសម្រួលដូចជាប៉ាគីស្ថាន និងកាតា ខណៈពេលដែលតួកគីក៏ដើរតួជាអន្តរការីរវាងភាគីទាំងពីរផងដែរ។

ប្រធានាធិបតីតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក Erdogan បាននិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការខិតខំប្រឹងប្រែងផ្នែកការទូតឲ្យបានច្រើនបំផុតទាក់ទងនឹងភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក យើងសង្ឃឹមថា ការចរចានឹងបន្ត ហើយប្រទេសតួកគីនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងសន្តិភាព”។

ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់នឹងផ្លាស់ប្តូរទៅជាឥរិយាបថយោធា “វាយលុកទាំងស្រុង” វិញ ដោយសារតែកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍បានជាប់គាំង ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានច្រានចោលការពង្រីកកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន។

វឌ្ឍនភាពឆ្ពោះទៅរកការបន្តចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏បានជាប់គាំងផងដែរ។

ប្រែសម្រួលៈ ណៃ តុលា

To Top