Feature

គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចការសាងសង់ប្រមាណ ២២%

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គ្រាដែលវឌ្ឍភាពនៃគម្រោងនេះសម្រេចបាន២០%ហើយ។

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ ការងារសាងសង់សម្រេចបានប្រមាណ ២២%។

ការងារសំខាន់ៗរបស់គម្រោង រួមមាន សាងសង់តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។

សូមរំលឹកថា នៅពេលការងារសាងសង់បញ្ចប់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានសមត្ថភាពស្ដុកទឹកបានប្រមាណ ១១៥លានម៉ែត្រគូប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសន្ដិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់ ជាពិសេសផ្ដល់ទឹកស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលគ្របដណ្តប់លើខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ។

គម្រោងនេះក៏មានសក្តានុពលផងដែរ ដោយបង្កើតបាននូវតំបន់ទេសចរណ៍ធម្មជាតិ កែលម្អប្រព័ន្ធជីវៈចម្រុះ ជាប្រភពទឹកសម្រាប់សត្វព្រៃ និងបង្កើនផលត្រីក្នុងតំបន់ឱ្យកាន់តែសម្បូរបែប៕

ដោយ៖ សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតមន្ទីរធនធានទឹក

To Top