ស្ថាបនិកក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ដែលជំពាក់បំណុល ច្រើនជាងគេបំផុត របស់ពិភពលោក ត្រូវបានតុលាការចិន កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត
បរទេស៖ ស្ថាបនិកក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនជាងគេបំផុត របស់ពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានតុលាការចិនកាត់ទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពោលគឺប្រាំឆ្នាំបន្ទាប់ពីការដួលរលំ របស់ក្រុមហ៊ុនបានធ្វើឱ្យសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសនេះរង្គោះរង្គើ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ថា លោក Hui Ka Yan ដែលធ្លាប់ជាបុរសមានបំផុតនៅអាស៊ី បានសារភាពកំហុសកាលពីខែមេសាចំពោះបទចោទប្រកាន់ចំនួន៨ រួមទាំងការប្រើប្រាស់មូលនិធិខុស ការក្លែងបន្លំការរៃអង្គាសប្រាក់ ការទទួលយកប្រាក់បញ្ញើសាធារណៈដោយខុសច្បាប់ ការបន្តប្រាក់កម្ចីដោយខុសច្បាប់ ការចេញមូលបត្រដោយក្លែងបន្លំ និងការសូកប៉ាន់។
ក្រុមហ៊ុន Evergrande ដែលធ្លាប់ជាអ្នកអភិវឌ្ឍន៍ ឈានមុខគេរបស់ប្រទេសចិន បានខកខានសងបំណុល ភាគច្រើនរបស់ខ្លួនចំនួន ៣០០ ពាន់លានដុល្លារ ដែលបញ្ហារបស់ខ្លួនតំណាងឱ្យវិបត្តិ នៅក្នុងវិស័យអចលនទ្រព្យដែលបានអូសបន្លាយ ជាយូរមកហើយលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។
ការកាត់ទោសនៅក្នុងទីក្រុង Shenzhen ភាគខាងត្បូង ដែលរួមមានការរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់លោក Hui បានបញ្ចប់រឿងរ៉ាវពីភាពក្រីក្រ ទៅជាអ្នកមានរបស់គាត់ ប៉ុន្តែទំនងជាមិននាំមកនូវការលួង លោមច្រើនដល់ម្ចាស់បំណុលក្នុងស្រុក និងបរទេសរបស់ក្រុមហ៊ុន Evergrande នោះទេ។
ប្រែសម្រួលៈ ណៃ តុលា
