Feature

ព្រះមហាក្សត្រថៃ មហាវជិរ៉ាឡុងកន និងព្រះមហាក្សត្រី សុធីដា នឹងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

ហាណូយ៖ ព្រះមហាក្សត្រ មហាវជិរ៉ាឡុងកន (Rama X) និងព្រះមហាក្សត្រី សុធីដា នឹងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងភរិយា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VN Express នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងថៃ-វៀតណាមកំពុងត្រូវបានពង្រឹង។ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែឧសភា ឆ្នាំ២០២៥ និងបានចុះហត្ថលេខាលើផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៦-២០៣១។

ផ្នែកសេដ្ឋកិច្ច ថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ២២,១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ៩% ពីឆ្នាំមុន ហើយក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ មានតម្លៃជាង ១៥,០៣ ពាន់លានដុល្លារ។

បច្ចុប្បន្ន វិនិយោគិនថៃមានគម្រោងសកម្មចំនួន ៨១៣ នៅវៀតណាម ដែលមានទុនចុះបញ្ជីសរុបជាង ១៥,៤ ពាន់លានដុល្លារ។ ចំណែកវិស័យទេសចរណ៍ ក៏មានការផ្លាស់ប្តូរភ្ញៀវទេសចរយ៉ាងសកម្មរវាងប្រទេសទាំងពីរ ដោយជនជាតិវៀតណាមជាង ៦៦០,៣០០នាក់ បានទៅប្រទេសថៃក្នុងឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីថៃ ត្រូវបានរំពឹងថា នឹងជួយពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងថៃ និងវៀតណាម ខណៈប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ាន។

ប្រែសម្រួល៖ គីរី

To Top