សមត្ថកិច្ចផ្ទុះអាវុធ ក្នុងប្រតិបត្តិការបង្រ្កាបមេក្លោង ជួញដូរគ្រឿងញៀន នៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ សមត្ថកិច្ចជំនាញ បានផ្ទុះអាវុធក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបមេក្លោងជួញដូរគ្រឿងញៀនសកម្ម នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់។

ជាក់ស្ដែងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ល្បាតឆ្មក់ និងកំណត់មុខសញ្ញាបានច្បាស់លាស់ក្នុងភូមិសាស្រ្តស្មុគស្មាញ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់។
សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះធ្វើឡើងចាប់ពីម៉ោង២១:០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ ម៉ោង០៣:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការផ្ទុះអាវុធ និងឃាត់ខ្លួនជនសង្ស័យស្រីប្រុសចំនួន៨នាក់។ ក្នុងចំណោមនោះ មានពីរនាក់ប្តីប្រពន្ធ ជាមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ ហើយក៏ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីឆ្នាំ២០២៤ម្តងរួចទៅហើយ ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់នេះ ត្រូវបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិនបើបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី៕

