ភ្នំពេញ៖ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា រហូតមកដល់ពេលនេះ ក្រុមការងារ បានដោះស្រាយវិវាទជូនពលរដ្ឋ ដែលរងផលប៉ះពាល់ ពីការសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានចំនួន ១៧៣គ្រួសារ។
ក្នុងឱកាស អញ្ជើញពិនិត្យមើល ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោកជា សុផារ៉ា បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលកំពុងសាងសង់នាពេលនេះ មានទំហំ ២៦០០ហិកតា ក្នុងនោះទំហំដី៩២៦ហិកតា ស្មើនឹង៣៥ភាគរយ ជារបស់ក្រុមហ៊ុនអ្នកឧកញ៉ាពុង ខៀវសែ ទំហំដី១៦៧៣ហិកតា ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា។
លោករដ្ឋមន្រ្តីបន្តថា “ក្រុមការងារ បានជួយសម្របសម្រួល ដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលមានដីឋិតនៅក្នុងទីតាំង អនុវត្តគម្រោង ទទួលបានលទ្ធផល ដូចខាងក្រោម៖ ដោះស្រាយបញ្ចប់ ជាមួយប្រជាពលរដ្ឋ ចំនួន១៧៣គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្ដោះអាសន្ន តាមបណ្ដោយទំនប់៥៤, ៩២, ៩៤ តាមរយៈការផ្ដល់ គោលនយោបាយ ជាថវិកា និងផ្ដល់ដីសម្រាប់ ជូនប្រជាពលរដ្ឋ “។
លោកបញ្ជាក់ថា បានដោះស្រាយបញ្ចប់ ជាមួយប្រជាពលរដ្ឋ ចំនួន៣៦គ្រួសារ ដែលរងការប៉ះពាល់ ដោយការសាងសង់ផ្លូវ ទៅកាន់ទីតាំងដីឡូត៍លំនៅដ្ឋាន សម្រាប់ផ្ដល់ជូនពលរដ្ឋ ក្នុងនោះមានចំនួន៨គ្រួសារ យល់ព្រមទទួលយកដីឡូត៍ លំនៅដ្ឋាន ៥គុណនិង២០ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ និង២៨គ្រួសារទៀត យល់ព្រមទទួលយក ការដោះស្រាយគោលនយោបាយ ជាថវិកាផងដែរ។
លោករដ្ឋមន្រ្តីបន្ថែមថា បានប្រមូលទិញ ដីតាមរយ:គោលការណ៍ តម្លៃមិនលើសពី៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ បានចំនួន២៣ក្បាលដី ស្មើនឹង៥៤ហិកតា គិតត្រឹមថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០។
លោកបន្ថែមទៀតថា បច្ចុប្បន្នក្រុមហ៊ុន របស់អ្នកឧកញ៉ា ពុង ខៀវសែ តំណាងក្រុមហ៊ុនCAIC
បានដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ ខ្នាត4Fថ្មីសម្រាប់ដំណាក់កាលទីមួយ សម្រេចបាន៥ភាគរយ ដែលគ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការ នៅឆ្នាំ២០២៣ខាងមុខ ដែលអាចទទួលអ្នកដំណើរបាន រហូតទៅដល់ ១៣លាននាក់ ក្នុងមួយឆ្នាំ។
ក្នុងឱកាសនោះដែរអ្នកឧកញ៉ា ពុង ខៀវសែ តំណាងក្រុមហ៊ុនCAIC បានញ្ជាក់ថា ក្នុងគម្រោងអាកាសយានដ្ឋានថ្មី នាពេលនេះ សព្វថ្ងៃមានកម្លាំពលករ សរុបចំនួន ១០០២នាក់ ក្នុងនោះមានវិស្វករបរទេសចំនួន ៩៥នាក់ និងវិស្វករខ្មែរ មានចំនួន១១០នាក់។
លោកថា តាមការប៉ាន់ស្មាន នៅរយ:ពេលការងារកំពុល កម្លាំងពលកម្មនឹងកើនដល់ ២ម៉ឺននាក់ក្នុងមួយថ្ងៃ។ តំណាងក្រុមហ៊ុនCAICសង្ឃឹមថា តាមរយ:ការឆ្លងកាត់ សាងសង់ព្រលានយន្តហោះនាពេលនេះ នឹងអាចបណ្ដុះបណ្ដាល អ្នកបច្ចេកទេស វិស្វករខ្មែរ បានច្រើន និងផ្ដល់កម្លាំងបន្ថែម សម្រាប់អភិវឌ្ឍប្រទេសកម្ពុជា នាពេលអនាគតផងដែរ។
លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយទឹកប្រាក់ ចំនួន១២០លានដុល្លារ សម្រាប់ផ្នែកប្រឹក្សាយោបល់ ផ្នែករចនា (គូប្លង់)និងការបុកគ្រឹះ ការចាក់ដីបង្ហាប់ដី និងការកែសម្រួល គុណភាពដីជាដើម។
លោកបន្ថែមថា ចំពោះគម្រោងសាងសង់ នឹងត្រូវចំណាយទឹកប្រាក់ ចំនួន២០៨លានដុល្លារ បន្ថែមទៀត រហូតដល់បំណាច់ឆ្នាំ២០២០ ខាងមុខនេះ៕ដោយ៖ធី លីថូ