Feature

កម្លាំងនគរបាលការពារព្រំដែនទឹក បង្ក្រាបករណីជួញដូរគ្រឿងញៀនជិត១តោន និងអាវុធខុសច្បាប់រាប់សិបដើម ព្រមទាំងឃាត់ខ្លួនជនជាតិចិន៧នាក់ នៅម្ដុំកោះឫស្សី

ព្រះសីហនុ៖ ប្រតិបត្តិការដ៏ធំមួយលើផ្ទៃសមុទ្រ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋានការពារព្រំដែនទឹក ដោយបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់យ៉ាងសកម្មនៅម្ដុំកោះឫស្សី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៧នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនជិត ១តោន និងសព្វាវុធជាច្រើនសន្ធឹកសន្ធាប់។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ព្រមទាំងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ការចុះអនុវត្តផ្ទាល់ត្រូវបានដឹកនាំដោយ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដោយមានការចូលរួមពីកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពីកម្លាំងជំនាញបានចំណាយពេលចុះស៊ើបអង្កេតជាច្រើនថ្ងៃ និងកំណត់មុខសញ្ញាយ៉ាងច្បាស់លាស់។ ជាលទ្ធផលដំបូង សមត្ថកិច្ចបានស្ទាក់ចាប់អូប័រចំនួន ១គ្រឿង និងឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ នៅលើផ្ទៃសមុទ្រ។ ដោយមានតម្រុយបន្ត កម្លាំងបានពង្រីកការស្រាវជ្រាវដោយចុះប្រតិបត្តិការបន្តលើគោក រហូតឈានដល់ការស្ទាក់ឃាត់រថយន្តចំនួន ២គ្រឿងបន្ថែមទៀត និងចាប់ខ្លួនបក្សពួកជនជាតិចិន ៥នាក់ផ្សេងទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទំហំនៃវត្ថុតាងដែលត្រូវបានរឹបអូសរួមមាន សារធាតុញៀន ម្សៅសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤២បាវ ដែលមានទម្ងន់សរុបប្រមាណ ៨៤០គីឡូក្រាម, សព្វាវុធ និងគ្រាប់រំសេវ អាវុធវែងចំនួន ១០ដើម, អាវុធខ្លីចំនួន ៣៩ដើម, បង់កាំភ្លើងចំនួន ១០៨បង់, គ្រាប់កាំភ្លើងចំនួន ៧,៩៣៧គ្រាប់ និងបំពង់បំបាត់សំឡេង (ស៊ីឡាំងសឺ) ចំនួន ៨, មធ្យោបាយធ្វើដំណើរ អូប័រ ១គ្រឿង, រថយន្ត ២គ្រឿង និងម៉ូតូចំនួន ៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យជាជនជាតិចិនទាំង ៧នាក់ រួមទាំងវត្ថុតាងដ៏សន្ធឹកសន្ធាប់ខាងលើ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕

To Top