ធនាគារកណ្តាលរបស់វៀតណាម មានគម្រោងពង្រឹងការ តាមដាន ដើម្បីទប់ស្កាត់ការលាងលុយ ដោយស្នើឱ្យបញ្ចូលព័ត៌មាន ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំធនាគារ និងម្ចាស់ភាគហ៊ុនបរទេសធំៗ
បរទេស៖ ធនាគាររដ្ឋវៀតណាម (SBV) មានផែនការពង្រឹង ការតាមដានព័ត៌មានរបស់អតិថិជនធនាគារសំខាន់ៗ ក្នុងគោលបំណងទប់ស្កាត់ការលាងលុយ មិនស្អាតនៅក្នុងវិស័យរូបិយវត្ថុ និងធនាគារ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមសេចក្តីព្រាងសារាចររបស់ធនាគាររដ្ឋវៀតណាម SBV ស្តីពីនីតិវិធីនៃការតាមដានសកម្មភាពក្នុងវិស័យរូបិយវត្ថុ និងធនាគារ គឺខាង SBV បានស្នើឱ្យបញ្ចូលព័ត៌មានពាក់ព័ន្ធនឹងថ្នាក់ដឹកនាំធនាគារ ម្ចាស់ភាគហ៊ុនបរទេសធំៗ អតិថិជនកម្រិតខ្ពស់ (VIP) និងបុគ្គលដែលមានឥទ្ធិពល ផ្នែកនយោបាយ (PEPs) ទៅក្នុងប្រព័ន្ធទិន្នន័យត្រួតពិនិត្យ ការប្រឆាំងការលាងលុយមិនស្អាត (AML) ដោយចាត់ថ្នាក់តាមកម្រិតហានិភ័យ ។
សេចក្តីព្រាងសារាចរនេះបានកំណត់ តម្រូវការជាក់លាក់ទាក់ទងនឹងការប្រមូលទិន្នន័យស្តីពីអភិបាលកិច្ច និងភាពជាម្ចាស់។ ស្ថាប័នដែលស្ថិតក្រោមការគ្រប់គ្រង ត្រូវផ្តល់ព័ត៌មានលម្អិតអំពី-រចនាសម្ព័ន្ធស្ថាប័ន គំរូអភិបាលកិច្ច និងការគ្រប់គ្រង ព្រមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន។
បញ្ជីឈ្មោះសមាជិក ក្រុមប្រឹក្សាភិបាល ឬក្រុមប្រឹក្សាសមាជិក ក្រុមប្រឹក្សាត្រួតពិនិត្យ និងក្រុមថ្នាក់ដឹកនាំប្រតិបត្តិទាំងមូល ចាប់ពីប្រធានផ្នែក រហូតដល់នាយកប្រតិបត្តិ (CEO) ត្រូវតែបង្ហាញឱ្យបានច្បាស់លាស់នូវឈ្មោះពេញ សញ្ជាតិ និងភាគរយនៃភាពជាម្ចាស់ដើមទុនចុះបញ្ជី។ តម្រូវការនេះអនុញ្ញាត ឱ្យស្ថាប័នត្រួតពិនិត្យទទួលបានរូបភាពពេញលេញអំពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតនៃឥទ្ធិពល របស់ថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងស្ថាប័ននីមួយៗ។
ប្រែសម្រួលៈ តុលា
