ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះប្រគល់ផ្ទះទេវតារបស់សម្តេចបវរធិបតីនិងលោកជំទាវ ជូនដល់អ្នកគ្រូ ដែលមានជីវភាពក្រខ្សត់

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃដ៏ក្តុកក្តួល និងពោរពេញដោយក្តីរំភើបរីករាយបំផុត សម្រាប់ អ្នកគ្រូ ប៊ុន ចាន់ធាវី អាយុ៤៤ឆ្នាំ ដែលជាគ្រូបង្រៀននៅអនុវិទ្យាល័យពោធិ៍សាត់ ព្រោះថាជីវិតរបស់គ្រួសារលោកស្រីទទួលបានការយកចិត្តទុកដាក់ និងជំនួយដ៏មានតម្លៃជាប្រវត្តិសាស្ត្រពីប្រមុខដឹកនាំ។

អ្នកគ្រូជាស្រីមេម៉ាយមានកូនក្នុងបន្ទុក ចំនួន៣នាក់ (ស្រី ១នាក់) កំពុងសិក្សាពេញបន្ទុក និងមានបន្ទុកបំណុលវ័ណ្ឌកបន្សល់ទុកពីអតីតស្វាមី។ ដោយសារតែជីវភាពខ្វះខាត លោកស្រីបានស្នាក់នៅបណ្តោះអាសន្ន ក្នុងសាលារៀនអស់រយៈពេលជិត១៣ឆ្នាំមកហើយ។

អ្នកគ្រូទទួលបានអំណោយផ្ទះទេវតា ១ខ្នង ផ្ទះលេខ២៣ (នេះជាផ្ទះទី២៩ហើយ ដែលរដ្ឋបាលខេត្តពោធិ៍សាត់បានប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់) ព្រមទាំងដីឡូតិ៍ជាប់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នៅតំបន់អភិវឌ្ឍន៍ភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ដែលជាទីតាំងរៀបចំដោះស្រាយជូនប្រជាពលរដ្ឋរស់នៅមិនរៀបរយ ចេញពីច្រាំងស្ទឹងពោធិ៍សាត់)។

ផ្ទះទេវតានេះ គឺភ្ជាប់មកជាមួយនូវហេដ្ឋារចនាសម្ព័ន្ធស្របច្បាប់ រួមមាន៖ ផ្សារ ផ្លូវ ប្រព័ន្ធទឹក ភ្លើង និងប្លង់កម្មសិទ្ធិស្របច្បាប់យ៉ាងពេញលេញ។

ទាំងទឹកមុខរំភើប ក្រោយទទួលបានផ្ទះ និងដីឡូតិ៍ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ, អ្នកគ្រូ ប៊ុន ចាន់ធាវី បានបង្ហាញអារម្មណ៍ថា «គ្មានពាក្យពេចន៍អ្វីដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងសប្បុរសធម៌ដ៏ធំធេងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នោះឡើយ។ អំណោយជាផ្ទះទេវតា និងដីឡូតិ៍ព្រមទាំងប្លង់កម្មសិទ្ធិនេះ គឺជាម្លប់ដ៏កក់ក្តៅបំផុត ដែលបានសង្គ្រោះគ្រួសារខ្ញុំពីភាពទាល់ច្រក បន្ទាប់ពីស្នាក់នៅអាស្រ័យក្នុងសាលារៀនអស់រយៈពេល ១៣ឆ្នាំមកនេះ»។

អ្នកគ្រូ សូមគោរពជូនពរ សម្តេចទាំងពីរ សូមមានសុខភាពបរិបូរណ៍ ព្រមទាំងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការដឹកនាំប្រទេសជាតិ។ ជាមួយគ្នានោះ លោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ចុះផ្ទាល់ និងសម្របសម្រួលរៀបចំគ្រប់យ៉ាងជូនគ្រួសារលោកស្រី។

អ្នកគ្រូ ប៊ុន ចាន់ធាវី ក៏សូមប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញការងារជាគ្រូបង្រៀនឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអប់រំទូន្មានទំពាំងស្នងឫស្សីដល់កូនចៅប្រជាពលរដ្ឋយើង និងសូមប្តេជ្ញារក្សាការពារផ្ទះ និងដីនេះឱ្យបានគង់វង្សសម្រាប់អនាគតកូនៗទាំងបីនាក់៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top