Feature

មេសិទ្ធិមនុស្សកម្ពុជា ៖ ទូតថៃ​ ប្រចាំនៅUN ពិតជាមុខក្រាស់ គ្មានការខ្មាសអៀន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងចំៗទៅកាន់ លោក Cherdchai Chaivaivid ឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ(UN)ថា ពិតជាមុខក្រាស់ គ្មានការអៀនខ្មាសអ្វីសោះ។

ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នេះ ក្រោយឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ (UN) បានប្រាប់ទៅអង្គការ សហប្រជាជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងអំឡុងពេលកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំ មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៨១ ថា ប្រជាជនកម្ពុជា នៅតែបន្តរស់នៅ ក្នុងតំបន់អតីតទីជំរក របស់ប្រទេសថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មិនបានវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញទេ ។ ប្រទេសថៃ បានចាត់ទុកវត្តមានបន្តរបស់ប្រជាជនកម្ពុជាទាំងនោះថា ជាការរំលោភចូលមកក្នុងទឹកដីរបស់ប្រទេសថៃ។

ករណីនេះ ត្រូវបានលោក កែវ រ៉េមី ប្រតិកម្មតបទៅវិញយ៉ាងចាស់ដៃថា ទូតថៃឯងពិតជាមុខក្រាស់គ្មានការអៀនខ្មាស់មែន មួលបង្កាច់ចោរក្លាយជាម្ចាស់ ម្ចាស់ក្លាយជាចោរ ។

ចំពោះការចោទប្រកាន់ទាំងបំផ្លើសនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបកស្រាយច្បាស់ៗថា យោងតាមរបាយការណ៍ របស់ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៩៩ គឺជំរំជនភៀសខ្លួនរបស់ប្រជាជនកម្ពុជា នៅក្នុងប្រទេសថៃ គឺមិនមានជនភៀសខ្លួនទៀតទេ ។ ក្រុមចុងក្រោយចំនួន ៧០៥នាក់ បានចាកចេញពីប្រទេសថៃ ត្រឡប់ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៩៩ ។ សរុបមក មានជនភៀសខ្លួនប្រមាណ ៥០,០០០នាក់ បានវិលត្រឡប់មកកម្ពុជា ។ ក្នុងនោះ ៣៥,០០០នាក់ បានទទួលជំនួយពីឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR)។

លោកថា ជនភៀសខ្លួនភាគច្រើនបានវិលត្រឡប់ទៅតំបន់ អន្លង់វែង និងខេត្តបាត់ដំបង នៅភាគពាយ័ព្យនៃប្រទេស។ ទោះជាយ៉ាងណា ជនភៀសខ្លួនមួយចំនួន បានស្នើសុំជំនួយពី UNHCR ដើម្បីវិលត្រឡប់ទៅតំបន់ភាគខាងកើតនៃប្រទេស ដែលគ្រួសាររបស់ពួកគេបានចាកចេញពីទីនោះកាលពី២០ឆ្នាំមុន។ ដោយមានជំនួយពី UNHCR ជនភៀសខ្លួនចំនួន ២,៥០០នាក់ បានវិលត្រឡប់ទៅខេត្តរតនគិរី និងមណ្ឌលគិរី៕

To Top