ព័ត៌មានអន្តរជាតិ

អត្រាអតិផរណា នៅវៀតណាម កើនឡើង ៤,៥២ ភាគរយក្នុងរយៈពេលពីខែមករាដល់ខែកញ្ញា ដោយសារការកើនឡើងនៃថ្លៃថាមពល និងថ្លៃលំនៅឋាន

បរទេស៖ ការិយាល័យស្ថិតិជាតិ (NSO) របស់ប្រទេសវៀតណាម បានឱ្យដឹងកាលពីថ្ងៃទី ៣ ខែតុលាថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ៤,៥២ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយកត្តាជំរុញចម្បង គឺការកើនឡើងនៃតម្លៃថាមពល ស្បៀងអាហារ សេវាកម្មអប់រំ និងសុខាភិបាល ក៏ដូចជាថ្លៃលំនៅដ្ឋានផងដែរ។

យោងតាមសារព័ត៌មាន Vietnam News ផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ក្នុងខែកញ្ញាបានកើនឡើង ០,៦២ ភាគរយធៀបនឹងខែសីហា កើនឡើង ៥,០៨ ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ៤,៥ ភាគរយធៀបនឹងចុងឆ្នាំមុន។ កំណើនជាមធ្យមនៃសន្ទស្សន៍ CPI ក្នុងត្រីមាសទី ៣ គឺ ៤,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី Nguyễn Thị Hương ប្រធានការិយាល័យស្ថិតិជាតិ (NSO) បានមានប្រសាសន៍ថា នៅចំពេលដែលមានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងសម្ពាធអតិផរណាកំពុងកើនឡើង រដ្ឋាភិបាលបានអនុវត្តវិធានការមួយចំនួនដើម្បីរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងរក្សាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ។

លោកស្រីបានបន្ថែមថា ការសម្របសម្រួលគោលនយោបាយរវាងវិធានការសារពើពន្ធ និងវិធានការរូបិយវត្ថុត្រូវបានពង្រឹង ខណៈពេលដែលកំណែទម្រង់រដ្ឋបាល និងវិធានការនានាដើម្បីសម្រួលការលំបាកសម្រាប់អាជីវកម្ម ជាពិសេសក្រុមហ៊ុនឯកជន និងសហគ្រាសធុនតូច និងមធ្យម ក៏ត្រូវបានជំរុញឱ្យកាន់តែខ្លាំងក្លាផងដែរ។

លោកស្រី Hương បានមានប្រសាសន៍បន្ថែមថា ការគ្រប់គ្រងទីផ្សារប្រេងឥន្ធនៈត្រូវបានអនុវត្តយ៉ាងបត់បែន ដោយផ្អែកលើតម្លៃទីផ្សារពិភពលោក និងតម្រូវការផ្គត់ផ្គង់ក្នុងស្រុក ដែលជួយកាត់បន្ថយផលប៉ះពាល់នៃតម្លៃថាមពលមកលើទីផ្សារក្នុងស្រុក៕

To Top