ព័ត៌មានអន្តរជាតិ

កាណាដា​ នឹងដឹកនាំការ ស៊ើបអង្កេតលើករណីធ្លាក់យន្តហោះ សង្គ្រោះបន្ទាន់ ដែលគេជឿថាមានមនុស្ស ៦នាក់បានស្លាប់

អូតាវ៉ា៖ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនកាណាដា​ បានប្រកាសថា ខ្លួននឹងដឹកនាំការស៊ើបអង្កេត លើករណីធ្លាក់យន្តហោះសង្គ្រោះ បន្ទាន់មួយ នៅតំបន់ដែនទឹកអន្តរជាតិក្បែរកោះ Nantucket ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែតុលា។

ក្រុមហ៊ុន Latitude Air Ambulance ដែលមានមូលដ្ឋាននៅរដ្ឋ Ontario បានឱ្យដឹងថា មនុស្សទាំង ៦នាក់ដែលនៅលើលើយន្តហោះប្រភេទ Gulfstream G100 នោះ រួមមានបុគ្គលិកបម្រើការងារជនជាតិកាណាដា ៤នាក់ អ្នកជំងឺម្នាក់ និងអ្នកអមដំណើរអ្នកជំងឺម្នាក់ ត្រូវបានគេជឿថាបានស្លាប់ទាំងអស់។

ប្រភពបានបញ្ជាក់ថា យន្តហោះនេះបានហោះចេញពីកោះ Bermuda ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Boston នៅពេលដែលក្រុមបុគ្គលិកបានរាយការណ៍អំពីបញ្ហាប្រព័ន្ធអគ្គិសនី។ បន្ទាប់មក យន្តហោះបានធ្លាក់ចុះយ៉ាងលឿន មុនពេលដែលអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានបាត់ទំនាក់ទំនងជាមួយយន្តហោះនោះ នៅភាគខាងត្បូងនៃកោះ Nantucket។

យោងតាមកិច្ចព្រមព្រៀង អន្តរជាតិ កាណាដា​ ដែលជាប្រទេសចុះបញ្ជីយន្តហោះនេះ មានទំនួលខុសត្រូវក្នុង ការធ្វើការស៊ើបអង្កេត។ គណៈកម្មាធិការសុវត្ថិភាព ដឹកជញ្ជូនជាតិរបស់សហរដ្ឋអាមេរិក ក៏នឹងចូលរួមក្នុងនាមជាតំណាង ដែលមានការទទួលស្គាល់ជាផ្លូវការផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top