ទីផ្សារភាគហ៊ុនអាមេរិក បំបែកកំណត់ត្រាខ្ពស់ថ្មី ខណៈតម្លៃប្រេងមានស្ថិរភាព ដោយសារការផ្គត់ផ្គង់កើនឡើង
បរទេស៖ ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក បានបន្តកើនឡើងយ៉ាងរឹងមាំកាលពីថ្ងៃអង្គារ ដោយសន្ទស្សន៍ Nasdaq និង S&P 500 បានហក់ឡើងដល់កម្រិតខ្ពស់បំផុត ជាប្រវត្តិសាស្ត្រ ខណៈដែលតម្លៃប្រេងបានធ្លាក់ ចុះបន្តិចដោយសារការ ថមថយក្តីបារម្ភលើការផ្គត់ផ្គង់ ដែលជួយបន្ធូរបន្ថយការព្រួយបារម្ភចំពោះការកើនឡើងនៃថ្លៃដើមកម្ចីរបស់រដ្ឋាភិបាល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

នៅលើទីផ្សារ Wall Street សន្ទស្សន៍ Nasdaq ដែលផ្តោតលើវិស័យបច្ចេកវិទ្យា បានកើនឡើង ០,៥% ដល់កម្រិតខ្ពស់ថ្មី បន្ទាប់ពីបានបំបែកកំណត់ត្រាកាលពីថ្ងៃចន្ទ ដោយសារការគាំទ្រ និងក្តីរំពឹងខ្ពស់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
សន្ទស្សន៍ S&P 500 ក៏បានហក់ឡើងបំបែកកំណត់ត្រាថ្មីផងដែរ ជាមួយនឹងកំណើន ០,៦%។
លនាជួញដូរដ៏រស់រវើកនៅទី ក្រុងញូវយ៉ក បានជួយជំរុញទីផ្សារភាគហ៊ុន នៅអឺរ៉ុបឱ្យកើនឡើង ស្របពេលដែលទីផ្សារភាគហ៊ុន ភាគច្រើននៅអាស៊ីក៏បានបិទបញ្ចប់ក្នុងភាពវិជ្ជមានផងដែរ។
តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិមានការថមថយចុះ ខណៈដែលការនាំចេញពីតំបន់ឈូងសមុទ្រ បានងើបឡើងវិញបន្តិចម្តងៗឆ្ពោះទៅរកកម្រិតដូចមុនពេលមានសង្គ្រាម។ តម្លៃប្រេងឆៅអន្តរជាតិ Brent North Sea បានបិទក្នុងកម្រិតលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលបន្តិចបន្តួច។
លោក Dan Coatsworth ប្រធានផ្នែក ទីផ្សារនៅក្រុមហ៊ុន AJ Bell បានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេងបានជួយ ជំរុញដល់ភាគហ៊ុនដែលងាយរងឥទ្ធិពលពីអត្រាការប្រាក់ ដូចជាវិស័យអចលនទ្រព្យ និងទំនិញប្រើប្រាស់តាមវដ្តសេដ្ឋកិច្ច (Consumer Cyclicals)។
លោក Arne Lohmann Rasmussen អ្នកវិភាគទំនិញនៅ Global Risk Management បានកត់សម្គាល់ថា ការនាំចេញពីតំបន់ឈូងសមុទ្រ (មិនរាប់បញ្ចូល ប្រទេសអ៊ីរ៉ង់) ជាមធ្យមសម្រេចបាន ១៩,២ លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកញ្ញា ស្មើនឹង ៨១% នៃកម្រិតមុនពេលសង្គ្រាម ទោះបីជាអ៊ីរ៉ង់នៅតែបន្តរឹតត្បិតចរាចរណ៍ នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយ។
ទោះជាយ៉ាងណា ការនាំចេញប្រេងឆៅបានវិលត្រឡប់មកដល់ ៩១% នៃកម្រិតមុនសង្គ្រាម ប៉ុន្តែការនាំចេញផលិតផលចម្រាញ់ សម្រេចបានត្រឹមប្រមាណ ៦០% ប៉ុណ្ណោះ ដែលកត្តាកាត់បន្ថយការផ្គត់ផ្គង់នេះ បានបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ ។ ជាក់ស្តែង នៅចក្រភពអង់គ្លេស តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅ តាមស្ថានីយបានហក់ឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រកាលពីសប្តាហ៍មុន។
ទោះបីជាទីផ្សារភាគហ៊ុនបង្ហាញសញ្ញាវិជ្ជមានក៏ដោយ ពាណិជ្ជករនៅតែមានក្តីបារម្ភជាច្រើនជុំវិញវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងដាក់សម្ពាធលើធនាគារកណ្តាលនានា ក្នុងការដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា បង្កឡើងដោយតម្លៃថាមពល។
កត្តាទាំងនេះរួមផ្សំជាមួយបញ្ហាដទៃទៀត បានរុញច្រានទិន្នផលប័ណ្ណបំណុលរដ្ឋាភិបាល ឱ្យហក់ឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ដែលបង្កើនការព្រួយបារម្ភកាន់តែខ្លាំងអំពីបំណុលរដ្ឋដែលកំពុងកើនឡើងយ៉ាងគំហុក។
ប្រែសម្រួល៖ គីរី
