Feature

គណបក្សប្រជាធិបតេយ្យប្តឹងប្រធានាធិបតីអាមេរិក លោក Trump ជុំវិញយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដោយប្រើប្រាស់ថវិការដ្ឋ

បរទេស៖ គណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DNC) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ពាក់ព័ន្ធនឹងការចាក់ផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ដែលត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់ថវិការដ្ឋ ដើម្បីផ្សព្វផ្សាយគោលនយោបាយផ្ទាល់ខ្លួនរបស់លោក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៦។

ការចោទប្រកាន់ពីគណបក្សប្រជាធិបតេយ្យ និងក្រុមឃ្លាំមើល៖ លោក Ken Martin ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ បានថ្លែងកាលពីថ្ងៃពុធថា ការផ្សាយទាំងនេះមានគោលបំណងជួយជ្រោមជ្រែងគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាថ្ងៃទី៣ ខែវិច្ឆិកា ដោយហៅទង្វើនេះថាជា “ការប្រើប្រាស់ខុសគោលដៅនូវប្រាក់ពន្ធរាប់លានដុល្លារដើម្បីការឃោសនាសុទ្ធសាធ”។ ស្របពេលជាមួយគ្នានេះ ក្រុមឃ្លាំមើលលទ្ធិប្រជាធិបតេយ្យឈ្មោះ Common Cause ក៏បានដាក់ពាក្យបណ្តឹងទីពីរ ដោយអះអាងថា វីដេអូទាំងនោះជា “ការឃោសនានយោបាយយ៉ាងច្បាស់ក្រឡែត” ដែលបំពានច្បាប់ហាមឃាត់ការប្រើប្រាស់មូលនិធិសាធារណៈ។

ការបង្វែរថវិកា និងការរំលោភរដ្ឋធម្មនុញ្ញ៖ បណ្តឹងទាំងពីរ (ដែលមួយប្តឹងនៅរដ្ឋធានីវ៉ាស៊ីនតោន និងមួយទៀតនៅញូវយ៉ក) បានចោទប្រកាន់ថា លោក Trump បានបញ្ជាឱ្យសេតវិមានបង្វែរថវិកាចំនួន ២០ លានដុល្លារ ដែលសភាបានអនុម័តសម្រាប់សកម្មភាពរំលឹកខួបពាក់ព័ន្ធនឹងសន្តិសុខព្រំដែន (ដកចេញពីកញ្ចប់ថវិកា ១៧៥ លានដុល្លាររបស់ក្រសួងសន្តិសុខមាតុភូមិ) មកប្រើប្រាស់ក្នុងយុទ្ធនាការនេះ។ ក្រុមដើមបណ្តឹងអះអាងថា ទង្វើនេះបំពានគោលការណ៍បែងចែកអំណាចនៃរដ្ឋធម្មនុញ្ញ ដែលតម្រូវឱ្យស្ថាប័ននីតិប្រតិបត្តិចាយវាយថវិកាតាមតែការអនុម័តរបស់សភាប៉ុណ្ណោះ។ ពួកគេទាមទារឱ្យប្រកាសថាការផ្សាយនេះខុសច្បាប់ បញ្ឈប់ការចំណាយ និងទាមទារប្រាក់ដែលបានចាយរួចមកវិញ។

ទំហំចំណាយ និងខ្លឹមសារវីដេអូ៖ យោងតាមក្រុមហ៊ុនតាមដានប្រព័ន្ធផ្សព្វផ្សាយ AdImpact គិតមកទល់ពេលនេះ យុទ្ធនាការដែលចាប់ផ្តើមតាំងពីខែកញ្ញាមក បានចំណាយអស់ជាង ១២ លានដុល្លារហើយ។ វីដេអូ៣ត្រូវបានចាក់ផ្សាយ ដែលរួមមាន៖ ទី១ បង្ហាញពីលោក Trump ប្រកាសថាអាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនីស្ត អមដោយសំឡេងចម្រៀង “love me”, ទី២ បង្ហាញរូបភ្នំ Rushmore ជាមួយការសន្យាពី “យុគសម័យមាស”, និងទី៣ ជាវីដេអូស-ខ្មៅ ដែលលោកព្រមានពី “សមរភូមិចុងក្រោយ” ប្រឆាំងនឹង “deep state”។ អ្នករិះគន់ក៏បានកត់សម្គាល់ដែរថា មានវីដេអូមួយមានលក្ខណៈដូចគ្នាបេះបិទទៅនឹងការផ្សាយក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤របស់លោក។

ប្រតិកម្មពីសាធារណជន និងគណបក្សសាធារណរដ្ឋ៖ ការស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ៨៦% នៃជនជាតិអាមេរិក (រួមទាំង ៤ ក្នុងចំណោម ៥ នាក់នៃអ្នកគាំទ្របក្សសាធារណរដ្ឋ) យល់ថាការប្រើប្រាស់ប្រាក់ពន្ធសម្រាប់រឿងនេះគឺមិនសមរម្យទេ។ សូម្បីតែសមាជិកជាន់ខ្ពស់បក្សសាធារណរដ្ឋ ដូចជាសមាជិកព្រឹទ្ធសភា លោក Thom Tillis (ប្រៀបធៀបទង្វើនេះទៅនឹងមេដឹកនាំហុងគ្រី) និងប្រធានសំឡេងភាគច្រើនព្រឹទ្ធសភា លោក John Thune ក៏បានបញ្ចេញមតិប្រឆាំងនឹងការយកប្រាក់ពន្ធរដ្ឋមកចំណាយលើការផ្សាយនេះដែរ។

ប្រែសម្រួល៖​ គីរី 

To Top