អ៊ីរ៉ង់ ថ្កោលទោសការចោទប្រកាន់របស់ព្រីតថែន ថាទីក្រុងតេអេរ៉ង់ មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍ នៅមូលដ្ឋានទ័ពអាកាស
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការអះអាងរបស់នាយករដ្ឋមន្ត្រីព្រីតថែនលោក Andy Burnham ដែលថាផែនការវាយប្រហារដែលគេសង្ស័យថា មានគោលដៅលើមូលដ្ឋានទ័ពអាកាសរាជវង្សព្រីតថែន (Royal Air Force) នោះ ទំនងជាត្រូវបានសម្របសម្រួលនៅក្នុងប្រទេសអ៊ីរ៉ង់។
ក្រសួងនេះបានចេញសេចក្តីថ្កោលទោសនេះ បន្ទាប់ពីលោក Burnham បានថ្លែងកាលពីដើមថ្ងៃដដែលនោះថា ផែនការដែលគេចោទប្រកាន់នេះ គឺ «ស្ទើរតែប្រាកដណាស់» ត្រូវបានដឹកនាំដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC)។
ក្រសួងបានហៅការចោទប្រកាន់របស់អង់គ្លេសថាជា «ផែនការដ៏អាក្រក់មួយ ដើម្បីជំរុញយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ និងគេចវេះពីការទទួលខុសត្រូវ ចំពោះការចូលរួមរបស់អង់គ្លេសនៅក្នុងការឈ្លានពានផ្នែកយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់»។
ក្រសួងបានឧ្យដឹងថា ការដែលទីក្រុងឡុងដ៍ប្រើប្រាស់ពាក្យពេចន៍ដូចជា «ទំនងជាខ្លាំង» និង «ស្ទើរតែប្រាកដណាស់» ដើម្បីផ្តល់ភាពគួរឱ្យជឿជាក់ដល់ការចោទប្រកាន់របស់ខ្លួននោះ គឺជាការប៉ុនប៉ងដ៏ច្បាស់ក្រឡែតមួយ ដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះការអះអាងដែលគ្មានមូលដ្ឋានរបស់ខ្លួន។
កាលពីថ្ងៃទី ២៧ ខែកញ្ញា ប៉ូលិសព្រីតថែន បានឃាត់ខ្លួនមនុស្ស ៥ នាក់ ដែលសុទ្ធតែមានអាយុក្នុងវ័យ ២០ ឆ្នាំ ដោយសង្ស័យថាពាក់ព័ន្ធនឹង «បទល្មើសគ្រឿងផ្ទុះ និងអំពើភេរវកម្ម» នៅជិតមូលដ្ឋានទ័ពអាកាស Fairford ក្នុងតំបន់ Gloucestershire បន្ទាប់ពីទទួលបានព័ត៌មានថាមានរថយន្តដឹកទំនិញចំនួន ៣ គ្រឿងត្រូវបានគេឃើញកំពុងធ្វើដំណើរទៅកាន់មូលដ្ឋាននោះ ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រើប្រាស់ ដើម្បីបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
